​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​ជប៉ុន​និង​ឥណ្ឌូនេស៊ី​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ក្នុង​ផ្នែក​សន្តិសុខ​ដែនសមុទ្រ​និង​កិច្ច​សហ​ប្រតិ​​បត្តិការ​របស់​ពួកគេ​លើ​បម្រែបម្រួល​អាកាសធាតុ ថាមពល និង​ការវិនិយោគ​រវាង​ប្រទេស​ប្រជុំ​កោះ​អាស៊ី​ទាំងពីរ​នេះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមមួយ​បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វី​ដូ​ដូ នៅ​ទីក្រុង​តូ​ក្យូ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា បាន​និយាយ​ថា​ជប៉ុន​នឹង​ផ្តល់​ការគាំទ្រ​​ដើម្បី “​ពង្រឹង​សមត្ថភាព​សន្តិ​សុខ​ដែនសមុទ្រ​របស់​ឥណ្ឌូនេស៊ី​បន្ថែមទៀត ដើម្បី​ធានា​សន្តិភាព​និង​សុវត្ថិភាព​នៅ​សមុទ្រ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​”​។​

​លោក​គី​ស៊ី​ដា​ក៏​បាន​ប្រកាស​ផងដែរ​ថា ទីក្រុង​តូ​ក្យូ​នឹង​ផ្តល់​ប្រាក់ក​ម្ចីចំនួន ៤៣,៦ ពាន់​លាន​យ៉េន (៣១៨ លាន​ដុល្លារ​)​ដើម្បី​ផ្តល់​មូលនិធិ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌូនេស៊ី​និង​ការការពារ​គ្រោះ​​មហន្តរាយ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​វី​ដូ​ដូ​នៅ​ប្រទេស​ជប៉ុន​គឺ​ធ្វើឡើង បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន ជា​ទី​ដែល​លោក​បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋ​ចិន​លោក ស៊ី ជីន​ភីង ហើយ​បាន​អញ្ជើញ​លោក​ជា​ផ្លូវការ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ​។ ​មេដឹកនាំ​ទាំង​ពីរ​កាលពី​ថ្ងៃ​អង្គារ​ក៏បាន​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ផង​ដែរ​រាប់​ចាប់ពី​ពាណិជ្ជកម្ម​រហូតដល់​កិច្ចសហប្រតិបត្តិកា​រដែ​ន​សមុទ្រ​។​

​ខណៈ​ឥណ្ឌូនេស៊ី​និង​ចិន​មាន​ទំនាក់ទំនង​វិជ្ជមាន​ជា​ទូទៅ ទីក្រុង​ហ្សា​ការតា​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការទន្ទ្រាន​របស់​ចិន​មក​លើ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​​ចិន​ទាមទារ​យក​ស្ទើរតែ​ទាំងស្រុង​។​

​ការអត្ថាធិប្បាយ​របស់​លោក​វី​ដូ​ដូ​នៅ​ទីក្រុង​តូ​ក្យូ​គឺ​ផ្តោត​លើ​ការវិនិយោគ ថាមពល និង​កិច្ចប្រជុំ​កំពូល G20 ។ លោក​វី​ដូ​ដូ​ស្វាគមន៍​ការវិនិយោគ​ថ្មី​របស់​ជប៉ុន​ហើយ​បាន​ស្នើសុំ​ការគាំទ្រ​ពី​ជប៉ុន​ក្នុង​បច្ចេក​​វិជ្ជា​ថ្មីៗ ដែល​ពាក់ព័ន្ធ​នឹង​ថាមពល​ស្អាត ហេដ្ឋារចនាសម្ព័ន្ធ ឱសថ កសិកម្ម និង​ធនធានធម្មជាតិ​ផងដែរ​៕

លោក​វី​ដូ​ដូ និង លោក​គី​ស៊ី​ដា (​ស្តាំ​) ជួប​គ្នា​នៅ​លំនៅដ្ឋាន​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ពុធ​ទី​២៧ កក្កដា ឆ្នាំ​២០២២