​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (defenceview) ៖ យោងតាម​របាយការណ៍​ថ្មីៗ​នេះ​បាន​ឱ្យដឹងថា ឥណ្ឌា​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-400​ទី​ពីរ​របស់​ខ្លួន​នៅ​ជិត​ព្រំដែន​ប្រទេស​​ចិន​ចំពេល​មាន​ការប្រឈមមុខ​ដាក់​គ្នា​នៅ​តំបន់​ឡា​ដាក់ (Ladakh)​។ ការដឹកជញ្ជូន​ប្រព័ន្ធ S-400 ទី​ពីរ​កំពុង​ដំណើរការ​ពី​រុស្ស៊ី​។​

​កងអនុសេនាធំ​ថ្មី​នៃ​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស S-400 Triumf គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ខែ​ខាង​មុខ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាងជើង​ជាមួយ​ចិន​។​ការបន្ថែម​​ប្រព័ន្ធ​ការពារ​អាកាស​ជាមួយ​កងកម្លាំង​អាកាស​ឥណ្ឌា (IAF)​នឹង​ផ្តល់​ការជំរុញ​ដល់​សមត្ថភាព​របស់​ឥណ្ឌា​ក្នុង​ការស្វែងរក​និង​បំផ្លាញ​យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ មី​ស៊ី​ល និង​ដ្រូ​ន​របស់​សត្រូវ​នៅ​រយៈ​ចម្ងាយ​ឆ្ងាយ​។​

​ប្រភព​បាន​កត់សម្គាល់​ថា ការដឹកជញ្ជូន​ប្រព័ន្ធ S-400 ទី​ពីរ​តាម​កប៉ាល់​និង​យន្តហោះ​កំពុង​ដំណើរការ​ពី​ប្រទេស​រុស្ស៊ី​។ វា​នឹង​ក្លាយ​ជា​ការដឹកជញ្ជូន​យោធា​លើកដំបូង​មិន​ធ្លាប់​មាន​ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយ​ក្រែន​បាន​ផ្ទុះឡើង​នៅ​ដើមឆ្នាំ​នេះ​ក្នុង​ខែ​កុម្ភៈ​។​

​គួរ​កត់សម្គាល់​ដែរ​ថា ការដឹកជញ្ជូន​ប្រព័ន្ធ S-400 ថ្មី​នេះ​ធ្វើឡើង​បន្ទាប់​ពី​ចិន​បាន​បង្កើន​សកម្មភាព​ផ្លូវអាកាស​របស់​ខ្លួន​នៅ​ជិត​តំបន់​ឡា​ដាក់​។ ​យន្តហោះ​ចម្បាំង​ចិន​ជា​ញឹកញយ​ត្រូវគេ​មើលឃើញ​ហោះហើរ​នៅ​ជិត​ខ្សែបន្ទាត់​នៃ​ការគ្រប់គ្រង​ជាក់ស្តែង (LAC) ដោយ​រំលោភ​លើ​តំបន់​គ្មាន​ការហោះហើរ​ចម្ងាយ ១០ គីឡូម៉ែត្រ​រវាង​ភាគី​ទាំងពីរ​៕

​ការដឹកជញ្ជូន​ប្រព័ន្ធ S-400 ទី​ពីរ​តាម​កប៉ាល់​និង​យន្តហោះ​កំពុង​ដំណើរការ​ពី​ប្រទេស​រុស្ស៊ី​