ប្រែសម្រួលៈបំណង(ST,Sputnik,SCMP)៖ ចិនកាលពីថ្ងៃពុធទី២៧កក្កដាបានព្រមានថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹង«ទទួលរងផលវិបាកទាំងអស់» បើសិនជាប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅធ្វើទស្សនកិច្ចកោះតៃវ៉ាន់តាមគំរោងផែនការ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បាននិយាយថា« បើអាម៉េរិកបន្តជំរុញផែនការនេះនិងផ្គើននឹងខ្សែបន្ទាត់ក្រោមបំផុតរបស់ចិន…ភាគីអាម៉េរិកនឹងទទួលរងផលវិបាកទាំងអស់ចេញពីទង្វើនេះចាប់ពីពេលនោះតទៅ»។
ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ អាចនាំដល់ហានិភ័យនៃជម្លោះយោធាដែលមិនអាចមើលឃើញមុនរវាងកងកម្លាំងចិននិងអាម៉េរិក ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងអាចនឹងប្រកាសដាក់តំបន់ហាមហោះហើរមួយ ឬកំហិតតំបន់នាវាចរណ៍មួយនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដើម្បីរារាំងដំណើរនេះ នេះបើតាមការផ្សាយរបស់កាសែត South China Morning Postកាលពីថ្ងៃពុធ។
លោកស្រីផេឡូស៊ី ត្រូវបានគេរាយការណ៍ថាមានផែនការទៅធ្វើទស្សនកិច្ចតៃវ៉ាន់នៅប៉ុន្មានសប្តាហ៍ខាងមុខ ដោយបង្កការព្រួយបារម្ភខ្លាំងពីចិនប៉េកាំង។ចិនបានរិះគន់អាម៉េរិកម្តងហើយម្តងទៀតអំពីការទាក់ទងផ្លូវការជាមួយអាជ្ញាធរកោះតៃវ៉ាន់ ដោយថាទង្វើដូច្នេះវាជ្រៀតជ្រែកអធិបតេយ្យភាពនិងបូរណភាពទឹកដីចិន ព្រមទាំងបង្កអស្ថិរភាពនៅក្នុងតំបន់។
កាសែតបាននិយាយយោងតាមអ្នកជំនាញការយោធាដែលជឿថា បើសិនជាលោកស្រី ផេឡូស៊ី នៅតែចចេសទៅតៃវ៉ាន់ រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងខិតខំអស់ពីលទ្ធភាពដើម្បីរារាំងវា ដោយប្រើទាំងមធ្យោបាយការទូត សេដ្ឋកិច្ចនិងយោធាថែមទៀត។
អ្នកជំនាញការទ័ពជើងទឹកចិនលោក លី ជី បាននិយាយថា« ផែនការទៅធ្វើទស្សនកិច្ចតៃវ៉ាន់របស់ផេឡូស៊ី បង្កើនហានិភ័យនៃជម្លោះយោធារវាងកងទ័ពរំដោះប្រជាជនចិននិងយោធាអាម៉េរិកដោយសារបញ្ហាតៃវ៉ាន់ ដោយហេតុថាចិនសព្វថ្ងៃខុសពីចិនកាលពីទសវត្សរ៍១៩៩០»។
លោកបាននិយាយដល់វិបត្តិច្រកសមុទ្រតៃវ៉ាន់ទីបីនៅឆ្នាំ១៩៩៥-១៩៩៦ នៅពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ជូនក្រុមនាវាដឹកយន្តហោះពីរកងទៅកាន់តំបន់ដើម្បីរារាំងកុំអោយកងទ័ពចិនប្រជាមានិតប្រែក្លាយសមយុទ្ធកាំជ្រួចមួយនាពេលនោះទៅជាការចូលឈ្លានពានតៃវ៉ាន់ជាក់ស្តែង។
លោកលីបានបន្ថែមថា យោធាអាម៉េរិកអាចបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទៅអមដំណើរលោកស្រីផេឡូស៊ី ក្នុងករណីចាំបាច់ តែយោធាចិនក៏មាននាវាដឹកយន្តហោះពីរកំពុងដាក់អោយដំណើរការ ដូច្នេះវាហានិភ័យពេកហើយដែលភាគីណាមួយបញ្ជូននាវាចូលផ្លូវទឹកនេះ។
ក្នុងពេលជាមួយគ្នា លោកនី ឡេស្យុង( Ni Lexiong) សាស្ត្រាចារ្យនៅសកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងច្បាប់នៅក្រុងសៀងហៃ បាននិយាយថា គម្លាតយោធានិងបច្ចេកទេសតិចតួចរវាងកងទ័ពនៃមហាអំណាចទាំងពីរ អាចអោយចិនកាន់តែហ៊ាននិងលែងសូវអត់ឳនចំពោះការបង្ករឿងនិងការប្រឈមពីអាម៉េរិក។
លោកថា រដ្ឋាភិបាលទីក្រុងប៉េកាំងមានមធ្យោបាយធំមហិមាដើម្បីបង្ខំអោយផេឡូស៊ីបោះបង់ចោលផែនការនេះ។ឧទាហហរណ៍ ក្នុងលក្ខខណ្ឌជំរើសយោធា កងទ័ពចិនអាចប្រកាសតំបន់ហាមហោះហើរមួយនិងកំហិតតំបន់ធ្វើនាវាចរណ៍សំរាប់ការធ្វើសមយុទ្ធយោធានៅក្បែរច្រកសមុទ្រតៃវ៉ាន់ ដោយបង្ខំអោយយន្តហោះរបស់លោកស្រីផេឡូស៊ី ត្រូវដូរផ្លូវ បើលោកស្រីនៅតែចចេសទៅតៃវ៉ាន់។
ប្រភពយោធាមួយបានប្រាប់កាសែតខាងលើថា ដំណើររបស់ផេឡូស៊ី អាចជាន់ពេលគ្នានឹងខួបកំណើរកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃ០១សីហា ដែលពេលនោះអាចនឹងមានសមយុទ្ធយោធាទ្រង់ទ្រាយធំនៅច្រកសមុទ្រតៃវ៉ាន់ ឬនៅឯនាយឆ្នេរកោះតៃវ៉ាន់ ដោយមានការចូលរួមពីនាវាចម្បាំងនិងយន្តហោះច្រើន ពេលយោធាអាម៉េរិកអាចនាំលោកស្រីផេឡូស៊ីតាមនាវាចម្បាំងមួយចេញពីមូលដ្ឋានទ័ពអាម៉េរិកនៅកោះអូគីណាវ៉ារបស់ជប៉ុន៕
ផែនការធ្វើទស្សនកិច្ចតៃវ៉ាន់របស់ប្រធានសភាអាម៉េរិកកំពុងបង្កប្រតិកម្មពីចិននិងការត្រៀមកម្លាំងទាំងចិននិងអាម៉េរិក