​ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺ​ពុំ​សូវ​ឆ្លើយតប​ដូច​ក្តី​បំណង​ប៉ុន្មាន​នោះឡើយ​។​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ដូចនេះ​យក​ល្អ​គប្បី​បំពេញការងារ​ណា​ដែល​នៅ​សេសសល់​ឬ​កិច្ចការងារ​ចាស់ៗ​ពីព្រោះថា​នឹង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ដូចនេះ​ងាយ​ជួប​រឿងចម្រូងចម្រាស​ជាង​សព្វមួយដង ៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ ដូច​សព្វមួយដង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​តម្លៃ​គ្នា​បន្តិច ដូចនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឃើញថា​ជួប​ការ​ខ្សត់ខ្សោយ​តែបើ​មាន​អតិថិជន​ជំពាក់​ប្រកាស​បែរជា​ពេលវេលា​ល្អ​ក្នុង​ការទារ​ទៅវិញ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ឆាប់​ប្រេះឆា និង កើតការ​ប្រឆាំង​គ្នា​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​ប្រសើរ​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។ ការរស់នៅ​ស្ត្រី​មិនត្រូវ​ប្រកែប្រកាន់​ច្រើន ហើយ​ត្រូវ​បំបាត់​ភាព​រឹងរូស​ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​ពីព្រោះ​គេ​ងាយ​បង្ករឿង​អ្វីមួយ​ដែល​គិតស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ហើយ​។​
គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែមទៀត​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ ឬ​ចរចា​រឿង​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​កើតឡើង​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ឈរលើ​ជំហ​ខ្លួនឯង ហើយ​មិនត្រូវ​ពឹងផ្អែក​លើ​គេ​ច្រើនពេក​ឡើយ​បើ​ពុំនោះ​ផល​លំបាក​ពិតជា​កើត​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​ច្រើន​នាំឱ្យ​ទុក្ខលំបាក​ផ្លូវចិត្ត​មិនតិច​ឡើយ​។
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានរឿង​រាវ​ជម្លោះ​វិវាទ​លុកលុយ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទៅវិញ​ទើប​ប្រពៃ​បំផុត​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ទាំង​ស្ត្រី​បុរស​ទទួលរង​ការនឿយហត់​ច្រើន ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ច្រើន​ត្រូវ​រែកពន់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​និង​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​ឃើញថា​ពុំ​សូវ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​ពោលគឺ​នៅ​ថេរ​ល្អ​ណាស់​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ខ្សត់​ចំណូល​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ប្រពៃ​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​ដោយសារតែ​ម្នាក់ៗ​ប្រកាន់​ចិត្ត​ចង់​ឈ្នះ​ចង់់​ចាញ់​គ្នា​ក្នុង​ចិត្តច្រើន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​សម្រាប់​ស្ត្រី​បើ​លោកអ្នក​ឧស្សាហ៍​ឈ្លោះប្រកែក​ជាមួយ​អ្នកដទៃ​ឬ​សូម្បីតែ​ស្វាមី​ក្តី​គប្បី​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​មិន​ដឹងឮ​រឿង​រាវ​ខ្លះ​ប្រយ័ត្ន​បណ្តែតបណ្តោយ​កើតជា​រឿង​ធំ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​ការប្រកប​ការងារ​ពុំ​មាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពិតមែន ប៉ុន្តែ​រឿង​រាវ​ដែល​កើតឡើង​មួយចំនួន​គឺ​តែង​កើតចេញ​មកពី​លោកអ្នក​ខ្លួនឯង​ផ្ទាល់​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​
​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រេះស្រាំ និង​ងាយ​ទាំង​បែកបាក់​ផង​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។ អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចងចាំ​ថា​ត្រូវ​តស៊ូ​មានះ​ទើប​បញ្ហា​អាក្រក់​ទាំងឡាយ​រត់ចេញ ហើយ​លោកអ្នក​អាច​រស់នៅ​សុខដុម​ជាង​នេះ​។​ការប្រកប​ការងារ​លោក​អ្នក​មានការ​ហត់នឿយ​ច្រើន​មកហើយ ប៉ុន្តែ​យ៉ាងណា​មិនត្រូវ​រាថយ​ឡើយ​បើ​ពុំនោះ​ផល​លំបាក​កាន់តែ​រត់​ចូល​ច្រើនឡើង​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ជានិច្ច​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីៗ​ផង​តែង​គាប់ប្រសើរ​ណាស់​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃនេះ​ឃើញថា​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​ជំនួស​មកវិញ ហេតុនេះ​ធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយ​កាយ​គ្រាន់​ជាទី កក់ក្តៅ ផ្លូវចិត្ត​។​ការប្រកប​ការងារ​ឃើញថា​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ និង ពិសេស​អាច​ចប់សព្វគ្រប់​តាម​គោលដៅ​ថែមទៀត​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​បន្ថែម​ឬ​រក​ជំនួញ​បន្ថែម​ដោយ​អាច​ទទួល​ការចម្រុងចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​គាប់ប្រសើរ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​មាន​បញ្ហា​អ្វី​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​ត្រូវ​តាំងចិត្ត​ធ្វើជា​មនុ​ស្សគ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ចំពោះ​ការងារ​អ្វីដែល​លោកអ្នក​បំពេញ​ពុំ​សូវ​ផ្តល់​ជា​ផ្លែផ្កា​ប៉ុន្មាន​ទេ​ពិសេស​ផល​អាក្រក់ៗ​នៅ​បង្កប់​ជាប់​ជាមួយ​ផល​ល្អជា​និច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​លោភលន់​មិន​មើលមុខ​ក្រោយ​ឡើយ បើ​មិន​ដូច​ច្នេះ​នឹង​នាំ​ផល​លំបាក​ណាមួយ​មកវិញ​។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ភាព​រឹង​មានះ ហើយ​យក​ការ​ចាញ់ឈ្នះ​ដាក់ខ្លួន​ច្រើនពេក​បើ​ពុំនោះ​កើត​មានតែ​រឿង​រាវ​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ងាយ​ត្រូវគេ​មាក់ងាយ​ណាស់ តែ​ត្រូវធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ពិសេស​ងាយ​កើត​នូវ​ជម្លោះ​វិវាទ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ឃើញថា​មិន​ដូច​រំពឹង​ទេ ពីព្រោះថា​ការជួញដូរ​ទីជិត​ឆ្ងាយ​តែង​ខកបំណង​ក្នុង​ការរក​ផល​កម្រៃ​ណាស់​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​គ្នាច្រើន ហើយ​ពិសេស​ងាយ​កើតរឿង​ប្រេះឆា​គ្នា​ទៀតផង​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទោះ​ជួប​ផល​លំបាក​បន្តិច​ក្តី​តែបើ​មានការ​ពុះពារ​តែង​ហុច​ផ្លែផ្កា​និង​ក្តី​ប៉ងប្រាថ្នា​នឹង​បង្ហាញខ្លួន​ឱ្យឃើញ​មួយចំនួន​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត ៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចេញ​ធ្វើដំណើរ​ទីជិត​ឆ្ងាយ​ប៉ុន្មាន​ទេ ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ត្រឹម​កម្រិត​មធ្យម​ក្តី​តែ​ការបំពេញ​ការងារ​អ្វី​ក៏​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ហុច​ជា​ផ្លែផ្កា​នឹង​ទទួលផល​សម្រេច​ដូច​សេចក្តីប្រាថ្នា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕