ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី២៨កក្កដាថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំការទប់ទល់សង្គ្រាមនុយក្លេអ៊ែរនិងសម្រាប់ការប៉ះទង្គិចយោធាណាមួយជាមួយសហរដ្ឋអាម៉េរិក ចំពេលមានសញ្ញាថាកូរ៉េខាងជើងអាចធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។
យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោកគីមបានធ្វើការកត់សម្គាល់បែបនេះក្នុងអំឡុងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍មួយដើម្បីប្រារព្ធខួបលើកទី ៦៩ នៃបទឈប់បាញ់នៃសង្គ្រាមកូរ៉េថ្ងៃទី២៧ ខែកក្កដា ដែលបានធ្វើឱ្យកូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមដដែលបើគិតតាមន័យបច្ចេកទេស។
លោកគីមក៏បានបរិហាររដ្ឋបាលរបស់លោកយូន ស៊ុកយ៉ូល (Yoon Suk-yeol) របស់កូរ៉េខាងត្បូងផងដែរ ដោយនិយាយថា រាល់ការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យកូរ៉េខាងជើងដួលរលំជាមុននឹងត្រូវជួបជាមួយការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និង “វិនាសកម្ម”។
លោកគីមបាននិយាយថា “ខ្ញុំសូមបញ្ជាក់ម្តងទៀតថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រឈមមុខគ្នាផ្នែកយោធាណាមួយជាមួយសហរដ្ឋអាម៉េរិក”។
កូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានសាកល្បងមីស៊ីលលឿនជាងសំឡេងនិងមីស៊ីលធម្មតា ដែលខ្លួននិយាយថាអាចផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដោយកាត់បន្ថយពេលវេលាដែលទីក្រុងសេអ៊ូលនឹងត្រូវឆ្លើយតបចំពោះការវាយប្រហារដែលកំពុងធ្វើឡើង៕
ប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន