​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​រសៀល​ថ្ងៃ​ពុធ ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជួបពិភាក្សា​ការងារ​លើ​វិស័យ​កសិកម្ម​ជាមួយ​លោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូត​នី​ហ្សេ​រី​យ៉ា ប្រចាំ​ប្រជា​ណា​ចក្រ​កម្ពុជា ដែលមាន​និ​វេស​ដ្ឋា​ន​នៅ​ទីក្រុង​ម៉ានីល​។

​លោក រដ្ឋមន្ត្រី​បានធ្វើការ​អបអរសាទ​រ​ចំពោះ​លោកស្រី​ដែល​ត្រូវបាន​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​ផ្តល់​សេចក្តីទុកចិត្ត និង​គាំទ្រ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិស័យ​កសិកម្ម​មានកា​រ​រីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​ពី​ប្រទេស​ដែល​ធ្លាប់​អសន្តិសុខ​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ប្រជាជន​ខ្លួន មកជា​ប្រទេស​ដែលមាន​អតិរេក​ស្បៀង​ចំនួន​ជាង ៦​លាន​តោន និង​កំពុង​ជំរុញ​ការកែច្នៃ វេច​ខ្ចប់​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ដើម្បី​ធ្វើការ​នាំចេញ​ទៀតផង​។ ហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ស្វាគមន៍​ក្នុងការ​ផ្លាស់ប្តូរ និង​ចែករំលែក​បទ ពិសោធ ចំណេះដឹង ចំណេះធ្វើ ហើយក៏​មានបំណង​ចង់បាន​បទពិសោធ​ពី​សាធារណរដ្ឋ​សហព័ន្ធ​នី​ហ្សេ​រី​យ៉ា​ផងដែរ ជាពិសេស​លើ​ការបំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម ការកសាង​សមត្ថភាព​របស់​វិស័យ​ឯកជន និង​ទីផ្សារ​។

​លោកស្រី​ឯកអគ្គរដ្ឋទូត​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា​របស់លោក​រដ្ឋមន្ត្រី និង​សហការី ទន្ទឹមនឹងនេះ​តាមរយៈ​លោក​រដ្ឋមន្ត្រី​ក៏​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេចបាន​សមិទ្ធផល​ជាច្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។ ចំពោះ​ជំនួប​នា​រសៀល​ថ្ងៃនេះ គឺ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​គោលបំណង​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៃ​ប្រទេស​ទាំងពីរ​។ លោកស្រី​មាន​ប្រសា​ស​ថា ស្បៀងអាហារ និង​សន្តិសុខ​ស្បៀង​គឺ​សំខាន់​ណាស់​សម្រាប់​នី​ហ្សេ​រី​យ៉ា ដែល​ខ្លួន​មាន​ប្រជាជន​រហូតដល់ ២០០​លាន​នាក់ ដូច្នេះ​ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់ វិស័យ​កសិកម្ម​របស់​នី​ហ្សេ​រី​យ៉ា​ក៏បាន និង​កំពុងមាន​ការកែប្រែ​ផងដែរ ពី​ការធ្វើ​កសិកម្ម​ខ្នាតតូច​មកជា​ក​សិ​-​ឧស្សាហកម្ម​។ លោកស្រី​សង្ឃឹមថា ភាគី​កម្ពុជា​នឹង​អាច​ផ្តល់​កិច្ចសហប្រតិបត្តិការ ចែករំលែក​បទ ពិសោធ​ជាពិសេស​លើ​ផលិតកម្ម​ស្រូវ ពូជស្រូវ កៅស៊ូ ដំ​ឡូ​វ​មី ស្វាយចន្ទីរ និង​វារីវប្បកម្ម ហើយ​សង្ឃឹមថានឹង​អាច​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​នាពេល​អនាគត​។
​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក​ស្រី​នឹង​ជូនពរ​អាណត្តិ​ការទូត​របស់លោក​ជំទាវ​ទទួលបាន​ជោគជ័យ និង​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​នឹង​អាច​ពង្រីក​ដូច​ការរំពឹងទុក ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។​