ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ កក្កដា បាន ទទួល​ជួប​លោក សា​តូ​ស៊ី ស៊ី​ម៉ា​ដា ( Satoshi SHIMADA) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Club Eco Water ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ដែល​ក្រុមហ៊ុន​បាន និង​កំពុង​អនុវត្ត​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​។

លោក សា​តូ​ស៊ី ស៊ី​ម៉ា​ដា​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Club Eco Water គឺជា​ក្រុមហ៊ុន​តែមួយ​លើ​ពិភពលោក​ដែលមាន​បច្ចេកវិទ្យា​វិភាគ និង​រំលាយ​សារធាតុ​ក្នុង​ទឹក (water solubilization ionize) និង​សមាសធាតុ​រ៉ែ​ផ្សេងៗ រួមទាំង​ធាតុ​ដែលមាន​ក្នុង​រ៉ែ ហើយ​ប​ម្លែ​ង​សារធាតុ​រ៉ែ​ទាំងនោះ​ទៅជា​សារធាតុ​អ៊ីយ៉ុង និង​សារធាតុ​បំប៉ន​ផ្សេងៗ​ទៀត ដើម្បី​ជួយ​ដល់​ការលូតលាស់​ដល់​ដំណាំ​បន្លែ ផ្លែឈើ​ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ជី និង​ថ្នាំ​កសិកម្ម​។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជាមួយ​វិស័យ​ឯកជន​នៅ​កម្ពុជា ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ពិសោធន៍ ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​នេះ​មាន​ភាពសមស្រប បន្សាំ និង​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់​ស្របតាម​ក្សេត្រ​បរិស្ថាន​កម្ពុជា​។ ជារួម ការពិសោធ​នេះ​បាន​អនុវត្តបាន​ជាង ៦​ខែ​មកហើយ លើ​មុខ​ដំណាំ​ខ្ញី និង​ដំឡូងជ្វា​ផ្អែម ដោយ​ក្នុង​១​លីត្រ អាច​លាយ​ជាមួយ​ទឹក​ពី ៨ ០០០ ទៅ ១០ ០០០​លីត្រ ដើម្បី​យកទៅ​ស្រោចស្រព និង​បាញ់​ទៅលើ​ស្លឹក និង​ដើម​។ ចំពោះ​ដំណាំ​ខ្ញី លទ្ធផល​ដែល​ទទួលបាន​ឃើញថា គ្មាន​ពួក​ដង្កូវ​ស៊ី​ខ្ញី មានគុណ​ភាពល្អ និង​ទិន្នផល​ខ្ពស់​ផងដែរ​។ លើសពីនេះ​ទៀត ផល​ខ្ញី​ដែល​ទទួលបាន​នោះ គឺ​បាន​បញ្ជូនទៅ​ប្រទេស​ជប៉ុន​ដើម្បី​ធ្វើការ​វិភាគ និង​ពិសោធ រងចាំ​លទ្ធផល​។

ផលិតផល​នេះលោក សា​តូ​ស៊ី ស៊ី​ម៉ា​ដា បន្ថែមថា ក៏​អាច​ប្រើប្រាស់​ក្នុង​អនុវិស័យ​ផលិតកម្ម​សត្វ​ផងដែរ សរុបមក​គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​រក្សា​បរិស្ថាន​ទឹក និង​សុវត្ថិភាព​ចំណីអាហារ តាមរយៈ​ការកាត់បន្ថយ​សំណល់​ថ្នាំ​កសិកម្ម និង​ជាតិពុល​ផ្សេងៗ​នៅក្នុង​បន្លែ ផ្លែឈើ​ផងដែរ​។ អ្វីដែល​លោក​សង្ឃឹម​នោះ​គឺ នឹង​អាច​ពង្រីក​វិសាលភាព​នៃ​បច្ចេកវិទ្យា​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស ដើម្បី​ប្រជាជន និង​ជាពិសេស​កុមារ​ដែលជា​អនាគត​នៃ​កម្ពុជា អាច​បរិភោគ​បន្លែ ផ្លែឈើ​ដែលមាន​សុវត្ថិភាព​។

​លោក រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​របស់លោក និង​សហការី ជាពិសេស​ស្រប​ពេលដែល​សកលលោក​កំពុង​ជួយ​ប្រទះ​វិបត្តិ​នៃ​ការ​ឡើងថ្លៃ​នៃ​តម្លៃ​ជី និង​ថ្នាំ​កសិកម្ម​។ បច្ចុប្បន្ននេះ​អាច​សន្និដ្ឋានបានថា ផលិតផល​នេះ​គឺ​ល្អ និង​មិន​ប៉ះពាល់​ដល់​ទាំង​អ្នកប្រើប្រាស់ និង​អ្នក​បរិភោគ​។ តែ​មុននឹង​អាចធ្វើ​ការផ្សព្វផ្សាយ និង​ចែកចាយ​ផលិតផល​នេះ​ទៅដល់​ប្រជាកសិករ ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​អគ្គនាយក​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​យក​ផលិតផល​នេះ​មក​សិក្សា​ស្រាវជ្រាវ វិភាគ និង​ពិសោធ​នៅតាម​ស្ថានីយ​កសិកម្ម​នានា​តាម​បណ្តាល​រាជធានី​-​ខេត្ត ទៅលើ​មុខ​ដំណាំ​ដូចជា​ស្រូវ ដំ​ឡូ​វ​មី ពោត ដំណាំ​សាកវប្បកម្ម និង​សត្វ​ឱ្យបាន​ពី ៦​ខែ ទៅ ១​ឆ្នាំ​សិន​។

​លោក​រដ្ឋមន្ត្រី​ក៏​សង្ឃឹមថា លោក សា​តូ​ស៊ី ស៊ី​ម៉ា​ដា​នឹង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ផលិតផល​នេះ​នៅ​កម្ពុជា​នាពេល​អនាគត​៕​