​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ សកម្មជន​ពីរ​នាក់​ដែល​បាន​ជួយ​ដឹកនាំ​បាតុកម្ម​មហាជន​និង​នាំ​ដល់​ការធ្លាក់​ពី​តំណែង​នៃ​ប្រធានាធិបតី​មុន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ នៅពេល​សភាអនុញ្ញាតអោយ​ពន្យារ​​ពេល​អនុវត្ត​ច្បាប់​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ​។​

​អតីត​ប្រធានាធិបតី ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា ត្រូវ​ពួក​បាតុករ​រាប់ម៉ឺន​នាក់​បង្ខំ​អោយ​ភៀសខ្លួន​ចេញពី​ប្រទេស​បន្ទាប់​ពី​ពួកគេ​ធ្វើការ​តវ៉ា​ទាមទារ​តាម​ដងផ្លូវ​អស់​ពេល​រាប់​ខែ​ដើម្បី​អោយ​លោក​ចុះចេញ​​ពី​តំណែង​ដោយសារតែ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សែន​អាក្រក់​។​

​ក្រោយ​ភៀសខ្លួន​តាម​យន្តហោះ​យោធា​ទាំង​ប្រផុតប្រផើយ​ទៅ​កាន់​កោះ​ម៉ាល់​ឌី​វ លោក​បាន​បន្ត​ទៅ​កាន់​សិង្ហ​បុរី​និង​ដាក់​ពាក្យសុំ​លាឈប់ នៅ​ពេល​អ្នក​ស្នង​តំណែង​លោក​រ៉ានី​ល វិក​ក្រេមេ​ស៊ីង បានប្រកាស​​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​ជាថ្មីជាមួយនឹង​ការប្រកាស​ជំហរ​ម៉ឺងម៉ាត់​ប្រឆាំង​«​ពួក​បង្កបញ្ហា​»​។​

​ប្រធានាធិបតី លោក​រ៉ានី​ល វិក​ក្រេមេ​ស៊ីង បាន​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​ជាថ្មីជាមួយនឹង​ការប្រកាស​ជំហរ​ម៉ឺងម៉ាត់​ប្រឆាំង​«​ពួក​បង្កបញ្ហា​»

​ការចាប់ខ្លួន​សកម្មជន​ពីរ​នាក់​នេះ​កើត​ឡើង​មួយ​ថ្ងៃក្រោយ​ការចាប់ខ្លួន​មេដឹកនាំ​និស្សិត​ម្នាក់​។​

​សភា​ស្រីលង្កា​កាលពី​ថ្ងៃ​ពុធ​ក៏​អនុញ្ញាតអោយ​លោក​វិក​ក្រេមេ​ស៊ីង ប្រើ​ច្បាប់​គ្រាអាសន្ន​រហូត​ដល់​ពាក់​កណ្តាល​ខែក្រោយ បន្ទាប់ពី​ប៉ូលិស​រុះរើ​ចោល​ជំរំ​បាតុកម្ម​នៅ​ទីក្រុង​កូឡុំបូ​កាលពី​សប្តាហ៍​មុន​។​

​ក្នុងពេល​ជាមួយគ្នា មាន​សេចក្តីរាយការណ៍​ថា អតីត​ប្រធានាធិបតី​ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា មានគំរោង​វិល​ចូល​ស្រុកនៅពេល​អាជ្ញាធរ​សិង្ហ​បុរី​បន្ត​ទិដ្ឋាការ​សំរាប់​រូបលោក​បាន​ត្រឹម​ថ្ងៃ​១១​សីហា​។​លោក​​បាន​លាឈប់​កាលពី​ថ្ងៃ​១៥​កក្កដា​ក្រោយធ្វើដំណើរដល់​សិង្ហ​បុរីភ្លាម ហើយ​សម្ពន្ធមិត្ត​របស់​លោក គឺ​លោក​វិក​ក្រេមេ​ស៊ីង ត្រូវ​សភា​តែងតាំង​ជា​ប្រធានាធិបតី​ជំនួស​។​

​អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ស្រីលង្កា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​បើ​តាម​ខ្ញុំ​ដឹង លោក ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា នឹង​វិល​មក​ស្រុក​វិញ តែ​មិន​ដឹង​ពេល​ណា​ទេ​។​លោក​មិន​កំពុង​លាក់ខ្លួន​ឬ និរទេស​ខ្លួន​​ក្រៅ​ប្រទេស​ទេ​»​។​

​តែ​បណ្តា​បក្សប្រឆាំង​ស្រីលង្កា​ពីរ​បី​បាន​និយាយថា ពួកគេ​នឹង​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​អតីត​មេដឹកនាំ​រូប​នេះ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ បើ​គាត់​វិល​ចូល​ស្រុក​។​គណបក្ស​មួយ​តំណាង​ជនជាតិ​តា​មី​ល ថែម​​ទាំង​ទាមទារ​អោយ​កាត់ទោស​លោក រ៉ា​ចា​ប៉ាក់​សា​ពី​បទ​ឧក្រិដ្ឋ​សង្គ្រាម ដោយសារតែ​ការបង្ក្រាប​របស់​យោធា​លើ​អ្នកបះបោរ​តា​មី​ល​នៅ​ឆ្នាំ​២០០៩​ពេល​លោក​នៅ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​៕

​ទិដ្ឋាកា​របស់​លោក រ៉ា​ចា​ប៉ាក់​សា បាន​អស់​និង​អាជ្ញាធរ​សិង្ហ​បុរី​ពន្យារ​អោយបាន​ត្រឹម​១៤​ថ្ងៃ ជាហេតុ​នាំ​អោយ​មាន​ការ​និយាយ​អំពី​ការវិល​មក​ស្រុក​វិញ​របស់​អតីត​មេដឹកនាំ​រូបនេះ​។​លោក​ត្រូវ​បាន​បន្ទោស​​ថា​ដឹកនាំ​ប្រទេស​ខុស​នាំ​អោយ​ប្រជាជន​ស្រីលង្កា​២២​លាន​នាក់​រស់ក្នុង​ទុក្ខលំបាក ខ្វះខាត​សព្វគ្រប់​តាំង​ពី​ស្បៀង ប្រេងឥន្ធនៈ​និង​ថ្នាំពេទ្យ​