​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើង​វិញ​នៅ​កំពង់ផែ​សមុទ្រ​ខ្មៅ​ដែល​ត្រូវបាន​បិទ​ខ្ទប់​របស់​ខ្លួន​ខណៈ​ខ្លួន​​ខិត​ទៅជិត​ការបន្ត​ការនាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ឡើង​វិញ​ជាមួយ​នឹង​ការបើក​មជ្ឈមណ្ឌល​សម្រប​សម្រួល​មួយ​ដើម្បី​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។​

​វឌ្ឍនភាព​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ​បាន​កើតឡើង​នៅពេលដែល​កាំភ្លើង​ធំ​របស់​ទីក្រុង​គៀវ​បាន​វាយប្រហារ​លើ​ស្ពាន​សំខាន់​មួយ​នៅក្នុង​ដែនដី​គ្រប់គ្រង​ដោយ​ទីក្រុង​មូ​ស្គូ​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុ​យក្រែន ដោយ​បាន​បំផ្លាញ​ផ្លូវ​ផ្គត់ផ្គង់​ដ៏​សំខាន់​មួយ ខណៈ​កងកម្លាំង​អ៊ុយ​ក្រែន​កំពុង​ព្យាយាម​ដណ្តើមយ​ក​តំបន់​ឃើ​សិន​មកវិញ​។​

​ហើយ​ខណៈ​អាជ្ញាធរ​អាល្លឺម៉ង់​និយាយថា​រុស្ស៊ី​បាន​កាត់បន្ថយ​យ៉ាង​ខ្លាំង​នូវ​ការ​ចែកចាយ​ឧស្ម័ន​ទៅកាន់​អឺរ៉ុប​នៅក្នុង​ចំណាត់ការ​មួយ​ដែល​គេ​មើលឃើញ​ថា​ជាការ​សងសឹក​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​លោកខាងលិច​ជុំវិញ​ការឈ្លានពាន​នោះ អ៊ុយ​ក្រែន​បានប្រកាសពី​ផែនការ​បង្កើន​ការនាំ​ចេញ​អគ្គិសនី​របស់​ខ្លួន​ទៅ​កាន់​អឺរ៉ុប​។​

​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​បាន​ព្រមព្រៀងគ្នា​លើ​ផែនការ​មួយ​ដោយ​មាន​ជំនួយ​ពី​តួ​ក​គី​និង​អ​.​ស​.​ប​ដើម្បី​អនុញ្ញាត​ឱ្យ​គ្រាប់​ធញ្ញជាតិ​ដែល​បិទ​ខ្ទប់​ដោយ​កងទ័ពជើងទឹករ​បស់​ទីក្រុង​មូ​ស្គូ​អាច​នាំ​​ចេញពី​កំពង់ផែ​ចំនួន​បី​។​

​រដ្ឋាភិបាល​ក្រុង​គៀវ​បាន​និយាយថា ខ្លួន​សង្ឃឹម​ចាប់ផ្តើម​នាំចេញ​គ្រាប់​ធញ្ញជាតិ​ដំបូង​ក្នុងចំណោម​គ្រាប់​ធញ្ញជាតិ​រាប់​លាន​តោន​ក្នុង​សប្តាហ៍​នេះ បើទោះបីជា​មាន​ការវាយប្រហា​រ​ដោយ​មី​ស៊ី​ល​រុស្ស៊ី​កាលពី​ចុង​សប្តាហ៍​នៅ​កំពង់ផែ​អូដេ​សា​ក៏ដោយ​។​

​កងទ័ពជើងទឹក​អ៊ុយ​ក្រែន​បាន​និយាយថា “​ការងារ​បាន​ដំណើរការ​ឡើងវិញ​” នៅ​ឯ​មជ្ឈមណ្ឌល​នាំចេញ​ដើម្បី​រៀបចំ​ឱ្យ​មាន​ការ​អមដំណើរ​កប៉ាល់​នានា​ឆ្លងកាត់​ដែនទឹក​ពោរពេញ​ដោយ​គ្រាប់មីន​ដើម្បី​​ទៅដល់​ទីផ្សារ​ពិភពលោក​។​

​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ​មជ្ឈមណ្ឌល​សម្របសម្រួល​មួយ​ដែល​មាន​តំណាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​បានបើក​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដើម្បី​ត្រួតពិនិត្យ​ច្រក​សុវត្ថិភាព​សម្រាប់​ការដឹកជញ្ជូន​តាម​​ផ្លូវ​ដែល​បាន​បង្កើតឡើង និង​ត្រួតពិនិត្យ​រក​អាវុធ​ហាមឃាត់​។​

​ការបិទ​ខ្ទប់​ការដឹកជញ្ជូន​ពី​ប្រទេស​នាំចេញ​គ្រាប់​ធញ្ញជាតិ​ធំជាងគេ​បំផុត​ទាំង​ពីរ​របស់​ពិភពលោក​បាន​រួមចំណែក​ដល់​ការកើនឡើង​នៃ​តម្លៃ​ដែល​បាន​ធ្វើឱ្យ​ម្ហូបអាហារ​នាំចូល​មាន​តម្លៃ​ថ្លៃ​ខ្លាំង​សម្រាប់​ប្រទេស​ក្រីក្រ​បំផុត​មួយ​ចំនួន​របស់​ពិភពលោក​៕

អ៊ុយ​ក្រែន​បានប្រកាសពី​ផែនការ​បង្កើន​ការនាំ​ចេញ​អគ្គិសនី​របស់​ខ្លួន​ទៅ​កាន់​អឺរ៉ុប​ចំពេលរុស្ស៊ីកាន់តែកាត់បន្ថយការបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុប