ដោយៈ សុខុម / មណ្ឌលគិរីៈ កាលពីថ្ងៃទី២៧ កក្កដា ២០២២ សមត្ថកិច្ចនគរបាល ខេត្តមណ្ឌលគិរី បាននាំជនសង្ស័យ ករណីសម្លាប់នារីម្នាក់ យកសពទៅបោះចោល ក្នុងដីចំការមួយកន្លែង នៅភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីមា ដើម្បីបញ្ជាក់ការពិត។ សពនារីរងគ្រោះ ត្រូវគេប្រទះឃើញកាលពី មួយខែមុន គឺនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីមានអំពើឃាតកម្មកើតឡើង សមត្ថកិច្ច ក៏បានបើកការស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធឃាតកម្ម ខាងលើនេះ ក្រោយពី ជនសង្ស័យ បានគេចខ្លួន ទៅនៅភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ច បានបញ្ជាក់ថាៈ ជនសង្ស័យឈ្មោះ ឆៃ សុខា អាយុ ២៦ ឆ្នាំ មានទីលំនៅមិនពិត ប្រាកដ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២ ដោយកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ អនុវត្តតាមដីកាបញ្ជា ឲ្យចូលខ្លួនរបស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគីរី។ ក្រោយពីចាប់ខ្លួនជនសង្ស័យបាន នៅខេត្តត្បូងឃ្មុំ សមត្ថកិច្ច ក៏បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលជាកន្លែងប្រព្រឹត្ត បទល្មើស។

លោក សូ សុវណ្ណ ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បាននិយាយឲ្យដឹង កាលពីល្ងាចថ្ងៃទី២៧ កក្កដាថាៈ ជនរងគ្រោះ ឈ្មោះ សារិក ហៅ លិ អាយុប្រហែល ២២ ឆ្នាំ សមត្ថកិច្ច រកសាច់ញាតិមិនទាន់ឃើញនៅឡើយ។ គេគ្រាន់តែដឹងថា នារីរងគ្រោះ ធ្លាប់រស់នៅជាមួយនឹងឪពុកម្ដាយជនសង្ស័យ ពីមុនមក។

លោកស្នងការរងខេត្តមណ្ឌលគិរី បាននិយាយបន្តថាៈ យោងតាមចម្លើយសារភាពពីកំឡុង ពេល នារីរងគ្រោះ រស់នៅជាមួយឪពុកម្ដាយខ្លួននោះ ជនសង្ស័យ បានបង្កើតជាទំនាក់ទំនង ស្នេហាជាមួយគ្នា និងបានជិះម៉ូតូឌុបគ្នាដើរលេង ចំនួនបីដង តែការឌុបគ្នាដើរលេង ពីរដង នោះ មិនបានទៅណាឆ្ងាយទេ។ លុះដល់ពេលដឹកគ្នាដើរលេង លើកទី៣ ចុងក្រោយនេះ ទើបទៅឆ្ងាយពីផ្ទះ ហើយជនសង្ស័យ បានសុំនាងរងគ្រោះរួមភេទ។ ពេលនោះ នារីរងគ្រោះ មិនយល់ព្រម ក៏កើតជាជម្លោះពាក្យសម្ដី ជនសង្ស័យ បានយកដៃច្របាច់ក រឹតដល់សន្លប់ រួចលើកដុំឈើវាយពីលើបន្ថែម ស្លាប់ហើយ លើកសព យកទៅបោះចោល ក្នុងដីចំការ ដើម្បីបំបាត់ភស្តុតាង ចម្ងាយពីកន្លែងកើតហេតុ ប្រហែល ១០ ម៉ែត្រ។

មកដល់ថ្ងៃទី២៨ កក្កដា ២០២២ នេះ សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាន ខេត្តមណ្ឌលគីរី ត្រៀមកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការ តាមនីតិវិធីច្បាប់ ៕/V-PC