ដោយៈ សុខុម / ក្រចេះ ៖ នារីម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ កាលពីថ្ងៃទី២៧ កក្កដា ២០២២ នៅចំណុចភូមិឧបសម្ព័នអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

សមត្ថកិច្ច បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ ឃន ស្រីពៅ អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ គឺជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុង ក្រុមហ៊ុនរ៉ែមាស (ស៊ីងយន្តគ័ងយិក ខូអិលធីឌី) ស្ថិតក្នុងភូមិកើតហេតុខាងលើ។

សមត្ថកិច្ច​បានឲ្យដឹងទៀតថាៈ ហេតុការណ៍នោះ កើតឡើង បណ្ដាលមកពីជនរងគ្រោះ បានដោតបញ្ចូលភ្លើងទូរស័ព្ទចោល ហើយបានទៅងូតទឹក ដោយត្រឡប់មកវិញទាំងខ្លួន នៅមានសំណើម ក៏បានប្រះខ្លួនដេក ទៅលើទូរស័ព្ទ កំពុងតែបញ្ចូលភ្លើង បណ្ដាលឱ្យឆក់ ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់។

សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកសំបូរ រួមមាន កម្លាំងជំនាញ បច្ចេកទេសខេត្ត ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យលើសាកសព និងពិនិត្យជុំវិញកន្លែងកើតហេតុ។

ក្រោយពីគណៈកម្មការ ចុះទៅពិនិត្យឃើញថា មិនពាក់ព័ន្ធនឹងរឿងអ្វីផ្សេង ហើយសន្និដ្ឋានថា ករណីនេះ ជនរងគ្រោះ ពិតជាស្លាប់ ដោយសារឆក់ខ្សែភ្លើង ពិតប្រាកដមែន។ ពីព្រោះ នៅកន្លែងកើតហេតុ ជនរងគ្រោះ ស្លៀកខោសេីម ហើយដេកលេីហ្វ្រីភ្លើង បញ្ចូលទូរស័ព្ទ ទើបបណ្ដាលឱ្យឆក់ស្លាប់។ បន្ទាប់មក សមត្ថកិច្ច ក៏បានប្រគល់សព ជួនគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕/V-PC