ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍រង្វាន់ AFF U18 WOMEN’ S CHAMPIONSHIP 2022 នៅថ្ងៃទី២៨ កក្កដានេះ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវជួបជាមួយក្រុមវៀតណាម ។

ការប្រកួត ធ្វើនៅកីឡដ្ឋាន GELORA SRIWIJAYA នាទីក្រុងប៉ាឡាំបាង ប្រទេសឥណ្ឌូណេស៊ី។ នេះជាការប្រកួតលើកទី៣ របស់ក្រុមកម្ពុជា ជាមួយនឹងក្រុម វៀតណាម ដែលជាក្រុមខ្លាំងមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

នេះជាជំនួបដែលក្រុមទាំង ២ ជាភ្ញៀវ ដែលលេងក្រៅទឹកដីដូចគ្នា តែទោះជាយ៉ាងណា ក៏ក្រុមវៀតណាម ជាក្រុមដែលចាស់វស្សា ជាងក្រុមកម្ពុជា ដែលជាក្រុម ទើបតែកកើតថ្មី គឺខ្ចីទាំងបទពិសោធន៍ នៃការប្រកួតក្នុងស្រុក និងខ្ចីទាំងបទពិសោធន៍ ទាំងការប្រកួត ក្រៅស្រុក ។

សូមបញ្ជាក់ថា ២ប្រកួត ដែលកន្លងផុតទៅហើយនោះ ក្រុមកម្ពុជា ចាញ់ទាំង ២ ប្រកួតដែលការប្រកួតដំបូង ចាញ់ក្រុមថៃ ០ទល់៤ និងប្រកួតលើកទី២ ចាញ់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ០ទល់១ ។

សម្រាប់ការប្រកួតលើកទី៣នេះ ក៏ក្រុមកម្ពុជា លំបាកនឹងរំពឹងថាយកឈ្នះលើក្រុមវៀតណាម ដែរ តែទោះជាយ៉ាងណា ក៏ស្មារតីក្រុមទាំងមូល បានប្ដេជ្ញាថា នឹងលេងឲ្យអស់ពីសមត្ថភាព៕/V-PC