ដោយ៖ សុវណ្ណកុម្ភៈ /ភ្នំពេញ៖ តើនរណាខ្លះ ជាស្ដេចអុករបស់កម្ពុជា ចុះហេតុអ្វី បានជាគេទទួលបានងារ ជាស្ដេចអុកបែបនេះ?

នេះជាងារដ៏ខ្ពង់ខ្ពស់មួយ ដែលមិនមែនសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ជាអ្នកដាក់ឲ្យនោះ ឡើយ តែបានមកពីការប្រកួតថ្នាក់ជាតិ ដែលមានការទទួលស្គាល់ ពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

គ្រួច ចន្ថារិទ្ធ ដែលក្នុងមជ្ឈដ្ឋានអ្នកលេងអុក គេហៅក្រៅថា ”ត្រេន” នោះ គឺជាស្ដេចអុកជំនាន់ទី១ នាឆ្នាំ២០០០ ហើយសព្វថ្ងៃនេះ គេជាគ្រូធំអុកចត្រង្គ ប្រចាំសហព័ន្ធ។ ឆ្នាំ២០០៨ និងឆ្នាំ២០២៤ គេជាប់ជាស្ដេចអុករង។

ឆយ វីរ៉ា ជាស្ដេចអុកជំនាន់ទី២ គេដណ្ដើមបានឋានៈ ជាស្ដេចអុក​ដល់ទៅ ២ជំនាន់ គឺឆ្នាំ២០០៧ និងឆ្នាំ២០១០ ហើយនៅឆ្នាំ២០១៧ គេដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ។

ឈាវ បូរ៉ា ក៏ជាស្ដេចអុក ២ សម័យកាលជាប់ៗគ្នាដែរ គឺឆ្នាំ២០១៤ និងឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៧ គេដណ្ដើមបានចំណាត់ថ្នាក់លេខ៤ ។ បូរ៉ា​ បានបង្កើតនូវទ្រឹស្ដី សម្រាប់ខ្លួនឯងថាៈ ”កាលៈទេសៈមិនទាន់មកដល់ មិនត្រូវរំភើបនឹងការបង្ហាញយុទ្ធសាស្រ្ត នោះទេ ព្រោះវាធ្វើឲ្យយើងទទួលបានភាពទទេរមកវិញមិនខាន”។

អតីតស្ដេចអុក ២ សម័យកាលរូបនេះ ក៏បានបង្កើតនូវយុទ្ធសាស្រ្ត ស្នែងក្របីរបស់ខ្លួនថាៈ ទី១.អាន ទី២.គិត ស្រមៃ និង យល់ ចំពោះទី៣. គឺចងចាំ ។

ស្ដេចអុកទី៤ គឺលោក ហូយ សូណា ដែលសព្វថ្ងៃ បានអភិវឌ្ឍន៍ខ្លួនជាគ្រូឧទ្ទេសដ៏សំខាន់ របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ។ លោកបានទទួលងារ ជាស្ដេចអុក នាឆ្នាំ១០១៦តែកាលពីឆ្នាំ២០១៤ លោកដណ្ដើមបានចំណាត់ថ្នាក់លេខ៤ ដែរ ។

ស្ដេចអុកទី៥ គឺលោក សេង ហៅឌី ដែលបានទទួលងារ ជាស្ដេចអុក បន្ទាប់ពីលោកប្រជែងបានតំណែងជើងឯក នាឆ្នាំ២០១៧។

កីឡាអុកចត្រង្គ គេបង្កើតនូវទ្រឹស្ដីរួមមួយថាៈ ”សភាពការណ៍ងាយ តែពោរពេញដោយអាថ៌កំបាំង ឈប់មើលងាយសភាពការណ៍ ត្រឡប់មកប្រើការគិត ឲ្យបានហ្មត់ចត់នោះ អ្នកនឹងជោគជ័យ” ៕/V-PC