​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​មេ​របស់ Facebook គឺ Meta បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​ថា ប្រាក់ចំណូល​ប្រចាំត្រីមាស​ដំបូង​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​និង​ប្រាក់​​ចំណេញ​ក៏​ធ្លាក់ចុះ​ដែរ ខណៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​កំពុង​តស៊ូ​ទប់ទល់​នឹង​សេដ្ឋកិច្ច​ដ៏​ច្របូកច្របល់​និង​ការ​ងើបឡើង​ដ៏​លេចធ្លោ​នៃ​ប្រព័ន្ធ​បណ្តាញ​សង្គម​ប្រជែង TikTok​។​

​ក្រុមហ៊ុន Meta បាន​ផ្តល់​របាយការណ៍​កំណើន​ហាក់​គ្មាន​ទី​បញ្ចប់​ជា​យូរ​មក​ហើយ ប៉ុន្តែ​បន្ទាប់ពី​ប្រាក់ចំណូល​ធ្លាក់ចុះ​បែប​នេះ​និង​ការរាយការណ៍​កាលពីដើម​ឆ្នាំ​នេះ​អំពី​ការថយចុះ​អ្នកប្រើប្រាស់​ប្រចាំ​​ថ្ងៃជា​សកល ក្រុមហ៊ុន​ហាក់​ស្ងប់ស្ងាត់​មិនសូវ​អួត​ដូច​មុន​ទេ​។​

​នាយក​ប្រតិបត្តិ​លោក ម៉ាក ហ្សាក់​ឃើ​បឺក បាន​ប្រាប់​អ្នកវិភាគ​បន្ទាប់ពី​ក្រុមហ៊ុន​បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​ប្រាក់ចំណេញ ៣៦ ភាគរយ គឺ ៦,៧ ពាន់​លាន​ដុល្លារ ថា​”​នេះ​គឺជា​រយៈពេល​ដែល​ទាមទារ​​ការប្រឹងប្រែង​កាន់តែ​ខ្លាំងក្លា ហើយ​ខ្ញុំ​រំពឹង​ថា​យើង​នឹង​សម្រេច​បាន​កាន់តែ​ច្រើន​ជាមួយ​នឹង​ធនធាន​តិចតួច​”​។​

​ក្រុមហ៊ុន Meta ក៏​បាន​និយាយ​ផងដែរ​ថា ប្រាក់ចំណូល​នៅក្នុង​ត្រីមាស​ដែល​ទើប​បញ្ចប់​ថ្មីៗ​នេះ​បាន​ធ្លាក់ចុះ​មួយ​ភាគរយ​ស្មើនឹង ២៨,៨ ពាន់​លាន​ដុល្លារ​ដែល​នេះ​ជា​ការធ្លាក់ចុះ​លើកដំបូង​របស់​ខ្លួន​​ចាប់តាំងពី​ក្រុមហ៊ុន ដែល​ពី​មុន​គេ​ស្គាល់​ថា Facebook បាន​បោះ​សន្លឹក​ហ៊ុន​លក់​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១២​។​

​អ្នកវិភាគ ឈ្មោះ ដេ​ប្រា អា​ហូ វី​លលៀម​សុន (Debra Aho Williamson) បាន​និយាយថា “​ការធ្លាក់​ចុះ​ប្រាក់ចំណូល​ប្រចាំត្រីមាស​ធៀប​ឆ្នាំមុន​បាន​បង្ហាញឱ្យឃើញថា​តើ​អាជីវកម្ម​របស់ Meta បាន​ធ្លាក់ចុះ​លឿន​កម្រិតណា​”​។​

“​ដំណឹង​ល្អ ប្រសិនបើ​យើង​អាច​ហៅ​ចឹងបាន គឺថា​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​ក្នុង​ការផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​ក៏​កំពុង​ជួបប្រទះ​នឹង​ការធ្លាក់ចុះ​ផងដែរ​”​។​

​ទោះយ៉ាងណា ក្រុមហ៊ុន Meta បាន​រាយការណ៍​ពី​ការកើនឡើង​នៃ​អ្នកប្រើប្រាស់ Facebook ប្រចាំ​ថ្ងៃ​រហូតដល់ ១,៩៧ ពាន់​លាន​នាក់ ដែល​ផ្ទុយ​នឹង​ការព្យាករណ៍​របស់​អ្នកវិភាគ​អំពី​ការធ្លាក់​ចុះ​ប៉ុន្តែ​​បាន​កត់សម្គាល់​ថា អ្នកប្រើប្រាស់​ប្រចាំខែ​បាន​ធ្លាក់ចុះ​ប្រហែល ២ លាន​នាក់​មក​នៅត្រឹម ២,៩៣ ពាន់​លាន​នាក់​។​

​ភាគហ៊ុន​របស់​ខ្លួន​បាន​ធ្លាក់ចុះ​ប្រហែល ៣,៥ ភាគរយ​នៅក្នុង​ការជួញដូរ​បាន​ប៉ុន្មាន​ម៉ោង ដោយ​បន្ត​ការធ្លាក់ចុះ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចាប់តាំងពី​ខែ​កុម្ភៈ​ដែល​បាន​លុបចោល​តម្លៃ​របស់​ខ្លួន​ប្រហែល​​ពាក់កណ្តាល​។​

​ក្រុមហ៊ុន Meta ក៏​ប្រឈម​មុខ​នឹង​ការត្រួតពិនិត្យ​យ៉ាង​ខ្ជាប់ខ្ជួន​ពី​សមាជិក​សភា និង​និយតករ​មិន​ត្រឹមតែ​តែ​លើ​អំណាច​ដ៏​ធំ​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​ប្រព័ន្ធ​បណ្តាញ​សង្គម​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ប៉ះ​​ពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ​។​

​លទ្ធផល​នេះ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​និយតករ​អាម៉េរិក​បាន​ប្រកាស​ថា ពួកគេ​នឹង​ព្យាយាម​រារាំង​ក្រុមហ៊ុន Meta មិន​ឱ្យ​ទិញ​យក​ក្រុមហ៊ុន​ផលិត​កម្មវិធី​សម្បទា​និម្មិត Within ដែល​ជា​ការ​វាយ​សំពង​មួយ​ចំពោះ​មហិច្ឆតា​ដ៏​ធំ​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​៕

ក្រុមហ៊ុន Meta រាយការណ៍​ប្រាក់ចំណូល​ធ្លាក់ចុះ​ជា​លើកដំបូង