​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រេង​ឆៅ​បន្ត​ឡើងថ្លៃ​ជាង​មួយ​ដុល្លារ​ទៀត​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កក្កដា ដោយសារ​ពួក​អ្នកវិនិយោគ​មើលឃើញ​ស្តុក​ប្រេង​អាម៉េរិក​ធ្លាក់ចុះ និង​តំរូវការ​​ប្រេងសាំង​ហក់​ឡើងវិញ​នៅ​អាម៉េរិក​។​

​ប្រេង​ឆៅ​ផ្សារ​Brent​សំរាប់​ប្រគល់​នៅ​ខែ​កញ្ញា​បាន​ឡើង​១,២០​ដុល្លារ ដល់​១០៧,៨២​ដុល្លារក្នុង​មួយ​បារ៉ែល ក្រោយ​ពី​វា​បាន​ឡើង​២,២២​ដុល្លារ​កាលពី​ថ្ងៃ​ពុធ​។​ប្រេង​ឆៅ​ផ្សារ​WTI​នៅ​អាម៉េរិក​ឡើង​១,៤៤​ដុល្លារ​ដល់​៩៨,៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល បន្ទាប់​ពី​ឡើង​២,២៨​ដុល្លារ​កាលពី​ថ្ងៃ​ពុធ​។​

​ទីណា តេង អ្នកវិភាគ​នៅ​ក្រុមហ៊ុន​CMC Markets​បាន​និយាយថា​« អារម្មណ៍​ខ្លាចក្រែង​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​បាន​ធូរស្រាល​ឡើង​វិញ​ដោយសារតែ​សុទិដ្ឋិនិយម​អំពី​ចំណូល​អាម៉េរិក និង​ការនិយាយ​​សម្រាល​អំពី​ការដំឡើង​អត្រា​កា​ប្រាក់​របស់​ធនាគារកណ្តាល​អាម៉េរិក ដែលវាសុទ្ធតែបានជួយ​គាំទ្រ​តំលៃ​ប្រេង​»​។​

​ធនាគារកណ្តាល​អាម៉េរិក​បាន​ដំឡើង​អត្រា​កា​ប្រាក់​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ពុធ​ដល់​បី​ភាគ​បួន​នៃ​ចំណុច​មួយ​ភាគរយស្រប​តាម​ការរំពឹងទុក ដើម្បី​ជួយ​ទប់​អតិផរណា នៅពេល​ប្រាក់​ដុល្លារ​ធ្លាក់​ថ្លៃ​។​

​ដុល្លារ​ធ្លាក់​ថ្លៃ​ធ្វើអោយ​ប្រេង​ដែល​កំណត់​ថ្លៃ​ជា​ប្រាក់​ដុល្លារ កាន់តែ​ថ្លៃសំរាប់​អ្នកទិញ​នៅក្នុង​ប្រទេស​ផ្សេងៗ​។​

​អំពី​ការផ្គត់ផ្គង់ ស្តុក​ប្រេង​ឆៅ​អាម៉េរិក​បាន​ធ្លាក់ចុះ​៤,៤​លាន​បារ៉ែល​កាលពី​សប្តាហ៍​មុន នៅពេល​ការរំពឹងទុក​ធ្លាក់​ចុះ​ត្រឹម​តែ​មួយ​លាន​បារ៉ែល ហើយ​តំរូវការ​ប្រេង​សាំង​នៅ​អាម៉េរិក​ឡើង​៨,៥​ភាគរយ​​ក្នុង​សប្តាហ៍​ដដែល​។​

​សូមបញ្ជាក់​ថា អាម៉េរិក​ជា​អ្នក​នាំ​ចូល​ប្រេង​ធំ​បំផុត​ក្នុង​លោក ដោយ​ទាំង​ប្រេង​ឆៅ​និង​ប្រេង​ចម្រាញ់​​អាម៉េរិក​នាំចូល​មួយថ្ងៃ​១០,៩​លាន​បារ៉ែល​។​

​ថ្លៃ​ប្រេង​ឆៅ​ក៏​ទទួលបាន​ការគាំទ្រ​បន្ថែម​នៅ​ពេល​ក្រុម​ប្រទេស​អ្នក​មាន​បំផុត​ទាំង​ប្រាំពីរ​(G7)​​គ្រោង​ដាក់ចេញ​យន្តការ​កំណត់​ថ្លៃ​ប្រេង​រុស្ស៊ី​ចាប់ពី​ខែ​ធ្នូ​។​ក្នុងពេល​ជាមួយគ្នា រុស្ស៊ី​កាត់បន្ថយ​ការនាំ​​ចេញ​ឧស្ម័ន​តាម​បំពង់​បង្ហូរ​Nord Stream 1​ទៅកាន់​អឺរ៉ុប​មក​នៅត្រឹមតែ​២០​ភាគរយ​នៃ​សមត្ថភាព​របស់​វា​។​ប្រការ​នេះ​បង្ខំ​អោយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ងាក​មក​ប្រើប្រាស់​ប្រេង​ដែល​នាំអោយ​រំ​រូ​វ​ការ​​និង​ថ្លៃ​ប្រេង​កើនឡើង​៕

​ស្តុក​ប្រេង​ឆៅ​អាម៉េរិក​ធ្លាក់ចុះ​ជា​ង​៤​លាន​បារ៉ែល​កាលពី​សប្តាហ៍​មុន​ចំ​ពេល​តំរូវការ​ប្រេងសាំង​កើនឡើង​