ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានអង្គការសុខភាពពិភពលោកបានផ្តល់ដំបូន្មានដល់បុរសដែលមានហានិភ័យកើតជំងឺអុតស្វាឱ្យពិចារណាកាត់បន្ថយចំនួនដៃគូរួមភេទរបស់ពួកគេ “សម្រាប់ពេលឥឡូវនេះ”។
រឿងនេះកើតឡើងបន្ទាប់ពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបានប្រកាសថាការរីករាលដាលជំងឺនេះច្រើនឡើងនៅក្នុងប្រទេសជាច្រើនអាចនឹងក្លាយជាស្ថានភាពអាសន្នជាសកល។
អគ្គនាយក WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយថា ៩៨ ភាគរយនៃករណីជំងឺអុតស្វា ដែលរកឃើញចាប់តាំងពីការផ្ទុះឡើងនៅក្នុងខែឧសភាគឺស្ថិតក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា មនុស្សស្រឡាញ់ភេទទាំងពីរ និងបុរសដទៃទៀត ដែលរួមភេទជាមួយបុរស។
លោកបានអំពាវនាវឱ្យអ្នកមានហានិភ័យទាំងនោះចាត់វិធានការការពារខ្លួនពួកគេ។
លោកតេត្រូសបាននិយាយថា “នោះមានន័យថាបង្កើតជម្រើសប្រកបដោយសុវត្ថិភាពសម្រាប់ខ្លួនអ្នកនិងអ្នកដទៃ សម្រាប់បុរសដែលរួមភេទជាមួយបុរស។សម្រាប់ពេលឥឡូវនេះក៏រួមបញ្ចូលទាំងការកាត់បន្ថយចំនួនដៃគូរួមភេទរបស់អ្នកផងដែរ”។
ប្រធាន WHO បាននិយាយថា បុគ្គលដែលឆ្លងមេរោគគួរតែនៅដាច់ដោយឡែកពីគេ និងចៀសវាងការជួបជុំគ្នា ដែលពាក់ព័ន្ធនឹងការប៉ះពាល់គ្នាជិតស្និទ្ធនិងការប៉ះរាងកាយខណៈប្រជាជនគួរតែទទួលបានព័ត៌មានលម្អិតអំពីទំនាក់ទំនងសម្រាប់ដៃគូផ្លូវភេទថ្មី ក្នុងករណីដែលពួកគេត្រូវការតាមដាននៅពេលក្រោយ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិកមិនបានណែនាំឱ្យបុរសដែលរួមភេទជាមួយបុរសកាត់បន្ថយដៃគូរួមភេទរបស់ពួកគេនោះទេ គឺគ្រាន់តែថាពួកគេគួរចៀសវាងការប៉ះពាល់ស្បែកជាមួយមនុស្សដែលមានកន្ទួល ដែលអាចជាជំងឺអុតស្វា។
មន្ត្រី WHO បានសង្កត់ធ្ងន់ថា ជំងឺអុតស្វាអាចឆ្លងដល់អ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺ ឬសម្លៀកបំពាក់ ឬកម្រាលពូកដែលមានមេរោគ។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនេះបានព្រមានថាជំងឺនេះអាចកាន់តែធ្ងន់ធ្ងរចំពោះប្រជាជនដែលងាយរងគ្រោះដូចជា កុមារឬស្ត្រីមានផ្ទៃពោះ។
រហូតមកទល់ពេលនេះមានករណីជាង ១៩.០០០ ត្រូវបានរាយការណ៍នៅក្នុងប្រទេសជាង ៧៥ ហើយការស្លាប់ត្រូវបានរាយការណ៍តែនៅក្នុងទ្វីបអាហ្វ្រិកប៉ុណ្ណោះ៕
អគ្គនាយក WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស