​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ រដ្ឋសភា បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម មាត្រា​១៩ ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី នៃ​ស្ថាប័ន​ជាតិ ដោយ​សំឡេងគាំទ្រ ១០៥​លើ​១០៦​សំឡេង​។ ការអនុម័ត​នេះ បានធ្វើ​ឡើង នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៧ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នេះ​។

​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៧ នីតិកាល​ទី​៦ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក៏បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ផងដែរ​។​

​សូមជម្រាបថា អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន កម្ពុជា កាលពី​ថ្ងៃទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ បាន​គាំទ្រ​ទាំងស្រុង​សំណើ​វិសោធន កម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍ របស់​ជាតិ គឺ​៖ (​ទី​១)-​ការធានា​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ ជាពិសេស អំណាចនីតិប្រតិបត្តិ ដែលមាន​បេសកកម្ម​ចម្បង ក្នុងការ​ដឹកនាំ​ការងារ​ទូទៅ​របស់​រដ្ឋ​មានដំណើរ​ការប្រព្រឹត្តទៅ ដោយ​រលូន និង​ប្រកបដោយ​និរន្តរភាព នៅ​គ្រប់​កាលៈទេសៈ និង (​ទី​២)- ការធានា​ការពារ និង​ថែរក្សា​ឱ្យបាន​នូវ​សន្តិភាព សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព នយោបាយ​របស់ ប្រទេសជាតិ នៅ​គ្រប់​កាលៈទេសៈ ដើម្បី​ជា​គ្រឹះ​សម្រាប់​ការអភិវឌ្ឍ ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។​

​គណៈរដ្ឋមន្ត្រី បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម មាត្រា​មួយចំនួន ទៅ​រដ្ឋសភា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ បានសម្រេច​អនុម័ត ទាំងស្រុង​។​

​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​នេះ ត្រូវបាន​សម្រេច​ឯកភាព ដើម្បី​សុំ​ការអនុម័ត ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ និង​ដែលមាន​ខ្លឹមសារ​ធ្វើ​វិសោធនកម្ម ចំនួន ៨ មាត្រា ដែលមាន​ដូចជា មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី​(​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​

​ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់លោក កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​កិច្ច ប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ និង​រៀបចំ​សេចក្តីក្រាបបង្គំទូលថ្វាយ​មតិ របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សា ធម្មនុញ្ញ តាមរយៈ​ព្រះរាជសារ ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​សេចក្តីព្រាងច្បាប់ ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​

​ជា​លទ្ធផល នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ក្រាបបង្គំ​ទូលថ្វាយ ព្រះមហាក្សត្រ ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា ១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ ដំណើរការ​ជា​ប្រក្រតី នៃ​ស្ថាប័ន​ជាតិ អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ សភាពការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើង នៅពេល​ប្រទេសជាតិ មិន​ឋិត​ក្នុង​ភាពអាសន្ន​៕/V​