ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាកីឡដ្ឋាន STADION MANAHAN នៃទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី​នាល្ងាចថ្ងៃទី២៧ កក្កដា មុនព្រឹត្តិការណ៍កីឡាជនពិការ ប្រចាំតំបន់ លើកទី១១ បានប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី៣០ ខែកក្កដានោះ ទង់ជាតិកម្ពុជា និងទង់ជាតិ បណ្ដាប្រទេសសមាជិក នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវបានប្រារព្ធពិធីបង្ហូតឡើងរួចរាល់ហើយ។

អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអាស៊ាន ប៉ារ៉ាហ្គេមកម្ពុជា លោក យី វាសនា បានដឹកនាំប្រតិភូ និងអត្តពលិកជនពិការ ១០ ចូលរួមកម្មវិធីនេះ (ការចូលរួម ត្រូវបានកំណត់ចំនួន ដើម្បីបង្ការជំងឺកូវីដ-១៩) ហើយមន្ដ្រីជាន់ខ្ពស់ នៃម្ចាស់ផ្ទះឥណ្ឌូណេស៊ី ក៏បានថ្លែងសុន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណ ដល់ប្រតិភូកីឡា គ្រប់បណ្ដាប្រទេស ដែលបានចូលរួមការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ នេះផងដែរ។

លោក យី វាសនា បានបង្ហាញនូវមោទនភាព បន្ទាប់ពីទង់ជាតិកម្ពុជា ត្រូវបានបង្ហូតឡើង ដោយទទួលបានការគោរព ពីបណ្ដាប្រទេសចូលរួមដូចគ្នា។ លោកបានសង្កត់ធ្ងន់ថាៈ យើងបានបញ្ចប់ពិធីបង្ហូតទង់ជាតិ ប្រកបដោយមោទនភាពជាតិខ្មែរយើង ហើយទង់ជាតិខ្មែរ បានបង្ហោះនៅទីក្រុងសូឡូ។ សូមអរគុណដល់បងប្អូនដែលបានគាំទ្រកីឡាយើង។ ចាប់ពីថ្ងៃទី២៨ កក្កដាទៅ គឺជាពេលដែលយើង នឹងរៀបចំកិច្ចប្រជុំ និងកម្មវិធីប្រកួត។

ទង់ជាតិ ត្រូវបានបង្ហូតឡើង តាមលំដាប់ នៃអក្សរឡាតាំង ដោយទង់ជាតិនៃប្រទេសព្រុយណេ បង្ហូតឡើងមុនគេ បន្ទាប់មកកម្ពុជា ចំពោះឥណ្ឌូណេស៊ីដែលជាម្ចាស់ផ្ទះ​បង្ហូតឡើងក្រោយគេ គឺក្រោយប្រទេសវៀតណាម ទៅទៀត ដែលនេះជាទម្លាប់សម្រាប់ម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលឥណ្ឌូណេស៊ី ទទួលយកធ្វើម្ចាស់ផ្ទះ បន្ទាប់ពីវៀតណាម សម្រេចលុបចោលនេះ នឹងដំណើរការប្រកួត ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី សរុបចំនួន ១១៥​ នាក់ លើ ១១ ប្រភេទកីឡា ចូលរួមព្រឹត្តិការណ៍នេះ រួមជាមួយប្រតិភូ និងមន្ដ្រីជំនាញ ជាច្រើនទៀត ដើម្បីសិក្សា និងដកស្រង់បទពិសោធន៍ ត្រៀមបន្ដវេន ធ្វើម្ចាស់ផ្ទះកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ៕/V-PC