ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺ៖ ក្មេងស្រីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជិះកង់ ឆ្លងផ្លូវត្រូវរថយន្តបុកកិន។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅលើផ្លូវកៅស៊ូ ត្រង់ចំណុចភូមិពោធិ៍ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រី ឈ្មោះ ផាន លីងអ័រ អាយុ ១០ ឆ្នាំ ជិះកង់អគ្គិសនី​ឌុបក្មេងស្រីឈ្មោះ គឹម វិច្ខរា អាយុ ៨ ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ។ ក្មេងស្រីទាំងពីរនាក់ បានជិះកង់ឌុបគ្នា ពីទិសខាងកើត​ទៅទិសខាងលិច ជិះពីក្រោយ គោយន្តមួយគ្រឿង លុះដល់ចំណុចកើតហេតុ ខាងលើ បានបត់ឆ្លងផ្លូវ ទៅខាងត្បូង បានពើបជាមួយរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២Y-៣៤៩៦ បើកបរដោយឈ្មោះ ណុប សីហា ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហា ស្រុកគងពិសី ដែលកំពុងបើកបរ បញ្ច្រាសទិសគ្នា បុកពេញទំហឹង បណ្តាលឲ្យក្មេងស្រីរងគ្រោះ ឈ្មោះ គឹម វិច្ចរា ដែលជិះពីក្រោយ​ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកក្មេងស្រី ជាអ្នកឌុប រងរបួសស្រាល។

ក្រោយកើតហេតុ នគរបាលជំនាញ បានចុះវាស់វែង និងហៅរថយន្តសាមុយ ដឹកក្មេងស្រី រងរបួស ទៅមន្ទីរពេទ្យ ចំណែកសពក្មេងរងគ្រោះផ្នែកជំនាញ បានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ។ ចំណែកវត្ថុតាងទាំងពីរ​និងអ្នកបើកបររថយន្ត ខាងលើ ផ្នែកជំនាញ បានឃាត់ខ្លួននាំយកមករក្សាទុក និងសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុកបសេដ្ឋ កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមនិតិវិធី៕/V-PC