ដោយៈ សុខុម / ស្ទឹងត្រែងៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងព្រះបរមរាជវាំង នៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលស្តូបអនុស្សាវរីយ៍ អតីតស្នាព្រះហស្ដ ព្រះមហាក្សត្រ ដើម្បីកែលំអ ឱ្យមានសោភ័ណភាព និងរៀបចំឱ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរ ទៅទស្សនា នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្រុមការងារ ចុះទៅនោះ រួមមាន លោក គុយ សុផល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង, លោក ឈា ហ៊ន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

ពេលនោះ មន្ត្រីជាន់ខ្ពស់នៃក្រសួងព្រះបរមរាជវាំង ក៏បានអញ្ជើញពិនិត្យមើល ទីតាំងសាលា រៀន មណ្ឌលសុខភាព និងស្តូបស្នាព្រះហស្ដព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ” ព្រះបរមរតនកោដ្ឋ ” ដែលនឹងត្រូវជួសជុលឡើង វិញ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខាងមុខ។

ក្នុងឱកាសនោះ លោក គុយ សុផល បានបញ្ជាក់ថាៈ ស្តូបអនុស្សាវរីយ៍ ក្នុងស្រុកបុរីអូរស្វាយ សែនជ័យនេះ ត្រូវបានសាងសង់ឡើង នៅឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ដ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណង ការពារ បូរណភាពទឹកដី។ មកដល់ពេលនេះ ឆ្លងកាត់ជាច្រើនឆ្នាំ មកហើយ ត្រូវតែកែលម្អឡើងវិញ នូវសោភ័ណភាពសួនច្បារ និងស្តូប អនុស្សាវរីយ៍នេះ នឹងចាប់អនុវត្ត ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កើនការទាក់ទាញភ្ញៀវ ទេសចរ មកទស្សនាស្នាព្រះហស្ដរបស់សម្តេចតា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ” ព្រះបរមរតនកោដ្ឋ ” និងការអភិវឌ្ឍនានារបស់ស្រុកបុរីអូរស្វាយ សែនជ័យ៕/V-PC