ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ អាជ្ញាធរ​ក្រុង សំរោង បានចេញ​លិខិត​ជូនដំណឹង ដល់​បុគ្គល​ពីររូប ជា​ម្ចាស់​កាន់កាប់​អចលនវត្ថុ ដែលមាន​ដីឡូត៍​សងខាង​ផ្លូវ បានធ្វើ​របង​ថ្ម និង​រាយ​បន្លា​លួស បិទផ្លូវ​សាធារណៈ កាលពីដើម​សប្តាហ៍​នេះ ស្ថិតនៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្នុង​ក្រុង​សំរោង ធ្វើការ​រុះរើ​ចេញ​វិញ ដើម្បី​បើកផ្លូវ សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​សាធារណៈ ជា​ប្រក្រតី​ឡើងវិញ​។​

​ការជូន​ដ​ណឹ​ង​នេះ បន្ទាប់​បុគ្គល ពីររូប គឺ​ឈ្មោះ ឡុង សុង​ពី​វ និង​ឈ្មោះ ស៊ា​ប រ៉ានី ជា​ម្ចាស់​អចលនទ្រព្យ កាន់កាប់​ដី​ឡូ​ត៏​សងខាង​ផ្លូវ បាន​រួមគ្នា​ធ្វើការ​បិទផ្លូវ ដែលជា​ហេតុ ធ្វើ​ឲ្យ​មានប្រតិកម្ម​យ៉ាងខ្លាំង ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​គឺ ប្រជាពលរដ្ឋ ក្នុង​តំបន់​ដែល​ពួកគាត់ ធ្លាប់ធ្វើ​ចរាចរណ៍ លើ​ដងផ្លូវ​នេះ កន្លងមក​។​

​ប្រជាពលរដ្ឋ បាន​អះអាងថាៈ កំណាត់​ផ្លូវ ដែល​ត្រូវបាន​បិទ​នេះ កាលពី​ជាង ១៥ ឆ្នាំមុន ជា​ផ្លូវ​ថ្មើ​ជើង ឬ​អាច​បើក​គោយន្ត​កន្ត្រៃ​បាន ហើយ​ម្ចាស់​ដី​សងខាង​ផ្លូវ ឈ្មោះ ឡុង សុង​ពី​វ និង​ឈ្មោះ ស៊ា​ប រ៉ានី បាន​សម្បទាន​ដី ម្នាក់​ម្ខាងៗ ចំនួន ៣ ម៉ែត្រ ដើម្បី​ពង្រីក​ផ្លូវ ឲ្យ​ធំ​ទូលាយ​។ លុះ​ឆ្នាំ​បន្ទាប់ៗ​មក ផ្លូវ​នេះ អាជ្ញាធរ បានធ្វើការ អភិវឌ្ឍ​ចាក់ដី​ក្រួស​ក្រហម​។ លុះ​តម្លៃ​ដី​នៅ​តំបន់​នោះ កាន់តែ​ឡើង​ខ្ពស់ ភាគី​ម្ចាស់ ដី​ទាំងពីរ ដែល​បានផ្តល់​សម្រាប់ ធ្វើ​ផ្លូវ​នោះ បាន​ប្រែ​ក្រឡះ​យក​ដី​ម្ខាង ៣ ម៉ែត្រ​នោះ មក​ធ្វើ​របស់ខ្លួន​វិញ​។​

​សូម​រំលឹកថា ការជូនដំណឹង​នេះ អាជ្ញាធរ​បញ្ជាក់​ដល់​បុគ្គល ពីររូប ដែល​បាន​បិទផ្លូវ ធ្វើការ​អនុវត្តន៍​ជាបន្ទាន់ ក្នុងការ​រុះរើ​របង ដែល​ស្ថិតនៅលើ​ដងផ្លូវ ក្នុង​រយៈពេល យ៉ាងយូរ ៧​ថ្ងៃ​(​ប្រាំពីរ​ថ្ងៃ​)​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ សាធារណៈ​ជា ប្រក្រតី​ឡើងវិញ​។ ករណី​លោក លោកស្រី មិន​ព្រម​សហការ ក្នុងការ​រុះរើ បើកផ្លូវ​នេះ​ឡើងវិញ​នោះទេ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​អនុវត្តន៍​វិធានការ និង​ទៅតាម​ច្បាប់​ជា​ធរមាន​៕/V​-PC