ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ បន្ទាប់ពី​មានការ​រាតត្បាត ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ បាន​ខិតខំ​ធ្វើការ​ទប់ស្កាត់​ផង និង​បាន​ធានា​នូវ សង្វាក់​ផលិតកម្ម​ផង​។ នាពេល​បច្ចុប្បន្ននេះ តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ បាន​ទាក់ទាញ​សហគ្រាស មកពី​អឺរ៉ុប អាមេរិក ចិន និង អាស៊ីអាគ្នេយ៍ សរុប​ចំនួន ១៧០ ហើយ​បាន​បង្កើត​ឱកាស​ការងារ ជិត ៣០.០០០ កន្លែង​។​

​សម្រាប់​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២២ ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​នាំចូល​របស់ សហគ្រាស នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ សម្រេចបាន ១.៣៧៤ លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ៣៨,២៣ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​។ ភាព​រីកចម្រើន​ទាំងនេះ ក៏មាន​ការគាំទ្រ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែង​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត ចំពោះ​អ្នកវិនិយោគ ដែល​បានមក​បណ្តាក់ទុន នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ឈិន ចៀន​កាង ប្រធាន​ក្រុមប្រឹក្សាភិបាល បានបញ្ជាក់​បែបនេះ ក្នុង​ឱកាសលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាត​ឲ្យ​រូបលោក និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន សីហនុ​វី​ល ស្ពេស​ល អ៊ី​ខន​នើ​មី ហ្សី​ន (​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ពាក់ព័ន្ធ​នឹង​ដំណើរការ វិនិយោគ និង​វឌ្ឍនភាព របស់​ក្រុមហ៊ុន នៅ​ទីស្តីការក្រសួង​ការងារ​។​

​លោក អ៊ិត សំហេង បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ដែល​បាន​ខិតខំ​រក្សា​ការវិនិយោគ ថែមទាំង​បាន​ពង្រីក​អាជីវកម្ម របស់ខ្លួន​បន្ថែមទៀត បើទោះបី​ស្ថិតក្នុង​ស្ថានភាព​លំបាក នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល ពីរ​ឆ្នាំនេះ យ៉ាងណាក្តី​។ ការរក្សាបាន​នូវ​ភាពរឹងមាំ នៃ​ការអភិវឌ្ឍ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​នេះ ជាការ​បញ្ជាក់​ពី​ទំនាក់ទំនង​មិត្តភាព រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ចិន ។ វា​ក៏​ជា​ផ្នែក​មួយ នៃ​គម្រោង​ខ្សែ​ច្រវាក់ និង​ផ្លូវ​បានផ្តល់​កំណើនសេដ្ឋកិច្ច យ៉ាងច្រើន​ដល់​កម្ពុជា​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​កម្ពុជា កំពុង​សិក្សា​នូវ​គម្រោង​អភិវឌ្ឍន៍ នៅ​ខេត្ត​ព្រះសីហនុ ចំនួន​ពីរ​ធំៗ គឺ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។ គម្រោង​ផ្លូវ​ល្បឿន​លឿន ក៏​ស្នូរ​នៃ​ការអភិវឌ្ឍ ដោយមាន​ការរួមចំណែក​ពី រដ្ឋាភិបាល​ចិន ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​រម្លឹក​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ក្រុមហ៊ុន​នេះ នៅ​ប្រទេស​ចិន ដោយបាន​ស្នើសុំ​ទៅ​ស្ថាបនិក​ក្រុមហ៊ុន បន្ត​ការវិនិយោគ មកកាន់​កម្ពុជា ឲ្យ​មាន​ភាព​សម្បូរបែប ដែល​បង្កលក្ខណៈ​ឲ្យ​ពលរដ្ឋ​កម្ពុជា ទទួលបាន​ការងារ​ថ្មីៗ កាន់តែច្រើន​។​

​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន បានលើកឡើង​ថាៈ ដោយមាន​គោលនយោបាយ ល្អ និង​ការទាក់ទាញ​វិនិយោគ សម្រាប់​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ ខាងមុខនេះ ក្រុមហ៊ុន នឹង​បង្កើត​រោងចក្រ​ផលិត​កង់​កៅស៊ូ រថយន្ត​ដ៏​ធំ​មួយទៀត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ដែលមាន​ទុនវិនិយោគ រហូតដល់​ជាង ៣០០ លាន​ដុល្លារ​។​

​លោក​ប្រធាន បានបញ្ជាក់​ថាៈ កាលពី​ខែមិថុនា ឆ្នាំ​២០២២ ខាង​ក្រុមហ៊ុន មាន​រៀបចំ​ពិព័រណ៍ ផ្លូវ​សូត្រ​ពាណិជ្ជកម្ម ដោយ​ក្នុងនោះ ប្រទេស​ចិន នឹង​ទទួលយក​កសិផល មួយចំនួន​របស់​កម្ពុ​ជា ទៅកាន់​ប្រទេស​ចិន ជាមួយនឹង​នេះ ក្រុមហ៊ុន​បាន​សហការ​ជាមួយ ក្រសួងសុខាភិបាល និង​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តោះ​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ ផ្តល់​សេវា​ថែម​ទាំ​សុខភាព ជាពិសេស សម្រាប់​បងប្អូន​កម្មការិនី មាន​ផ្ទៃពោះ ព្រមទាំង​បាន​សាងសង់ អាគារ​ស្នាក់នៅ បង្កលក្ខណៈ​ងាយស្រួល ជូន​ដល់ក​ម្មករ និយោជិត ដែល​ធ្វើការ​នៅក្នុង​តំបន់​នេះ​ថែមទៀត​។​

​ជុំវិញ​បញ្ហា​នេះ លោក អ៊ិត សំហេង រំពឹងថា ការបង្កើត​រោងចក្រ​ផលិត​កង់​កៅស៊ូ​រថយន្ត ដ៏​ធំ​មួយ​នេះ ពិតជា​បាន​ផ្តល់នូវ​ផលប្រយោជន៍​ច្រើនណាស់ សម្រាប់​ប្រជាកសិករ​ខ្មែរ ដាំ​ដំណាំ​កៅស៊ូ ដើម្បី​ផ្តល់ជូន​ដល់​ក្រុមហ៊ុន ព្រមជាមួយ​កម្លាំង​ពលកម្ម រាប់ពាន់នាក់ បន្ថែមទៀត ដែលជា​តម្រូវការ សម្រាប់​ផ្គត់ផ្គង់​ចង្វាក់​ផលិតកម្ម បន្ថែម​របស់​ក្រុមហ៊ុន​។ លោក​រីករាយ​ចំពោះ​ការយកចិត្តទុកដាក់ ពី​សំណាក់​ក្រុមហ៊ុន មកលើ​បងប្អូន​កម្មករ និយោជិត ដែលជា​សុខដុម​រម​នីយកម្ម ទំនាក់ទំនង​វិជ្ជាជីវៈ​ដ៏​ល្អ​មួយ​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថាៈ ជាមួយនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី កម្ពុជា​-​ចិន កាន់តែ​ងាយស្រួល ក្នុងការ​នាំចេញ និង​នាំចូល​ផលិតផល​ជាច្រើន រវាង​ប្រទេស​ទាំងពីរ និង​ការពង្រីក​ខ្លួន យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន ពិតជា​ត្រូវការ កម្លាំង​ពលកម្ម​ច្រើន បន្ថែមទៀត ក្នុងន័យនេះ លោក​រដ្ឋមន្ត្រី បានស្នើ​ដល់​ក្រុមហ៊ុន ឲ្យ​បន្ត​កិច្ចសហការ​ជាមួយ ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​រៀបចំ​ឲ្យ មានការ​បណ្តុះបណ្តាល​មួយ ដែលមាន​គុណភាព ដោយ​សហការ​ជាមួយ សកល​វិទ្យាល័យ​របស់​ចិន ដើម្បី​ធ្វើការ​បណ្តុះបណ្តាល និង​ជ្រើសរើស​សម្រាប់​បំពេញ តម្រូវការ របស់​ក្រុមហ៊ុន​ផងដែរ​៕/V​