ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងសមត្ថកិច្ចចម្រុះ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានសហការទប់ស្កាត់ប្រជាពលរដ្ធខ្មែរ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ចំនួន ២១ នាក់ (ស្រី៩នាក់-កុមារ១នាក់) នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ។
ប្រតិបត្តិការនេះ ជាការគោរព និងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៨១៥ ។
មន្ត្រីនគរបាល បានឱ្យដឹង នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថាៈ កាលពីថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង ១១ៈ២០ នាទី យប់ កម្លាំងប៉ុស្តិ៍ព្រំដែនដើមត្រសេក ដឹកនាំដោយ លោក វរសេនីយ៍យ៍ត្រី ណុប អឿន នាយប៉ុស្តិ៍សហការ ជាមួយកម្លាំងផ្នែកសឹករង ស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការ កងអនុសេនាធំ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ចំនួន ២១នាក់ (ស្រី៩នាក់ – កុមារ ១នាក់) នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានបន្តថាៈ ពលករទាំងនោះ មកពីទីកន្លែងទីទៃគ្នា ដូចជាមានទីលំនៅ ក្នុងខេត្តចំនួន ៤ គឺៈ ខេត្តបន្ទាយមានជ័យ ១៤នាក់ , ខេត្តកំពង់ចាម ៣នាក់ , ខេត្តក្រចេះ ២នាក់ និងខេត្តកំពត ២នាក់ ។
នគរបាល បានបន្តទៀតថាៈ បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់ អធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕/V