​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុ​ត​និច​) ៖ ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​បឺ​មីង​ហែម (Birmingham) របស់​ចក្រភព​អង់គ្លេស និង​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី Nature Medicine កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​កក្កដា បាន​រកឃើញ​រោគសញ្ញា​ថ្មី​សម្រាប់​មនុស្សពេញវ័យ​ដែល​ទទួលរង​ពី​ជំងឺ​កូវី​ដ​យូរ ទោះបីជា​មិន​បាន​ចូល​ដេកពេទ្យ​ក៏ដោយ​។​

​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​កូវី​ដ​១៩ រួម​មាន​ការ​បាត់​ក្លិន ដង្ហើម​ខ្លីៗ ឈឺ​ទ្រូង និង​ក្តៅខ្លួន​។ រោគសញ្ញា​ទូទៅ​បំផុត​សម្រាប់​អ្នក​កើត​កូវី​ដរយៈពេល​យូ​រគឺការ​អស់កម្លាំង បន្ទាប់មក​គឺ ដង្ហើម​ខ្លីៗ ក្អក និង​ឈឺ​សាច់ដុំ​។​

​ទោះយ៉ាងណា បញ្ជី​រោគសញ្ញា​នោះ​កំពុង​កើនឡើង ហើយ​ឥឡូវ​បាន​រួម​បញ្ចូល​ការ​ងាប់លិង្គ ការ​ជ្រុះ​សក់ ការ​ភ្លេចភ្លាំង ការភ័ន្តច្រឡំ ការ​ទប់​បត់ជើងធំ​មិន​ជាប់ ការ​ហើម​អវយវៈ និង និ​ស្សកម្ម​(​អ​សមត្ថ​​ភាព​ក្នុងការ​ធ្វើ​ចលនា​និង​ការបញ្ជា​រាងកាយ​)​។ បញ្ជី​រោគសញ្ញា​ថ្មី​នេះ​ត្រូវ​បាន​ប្រមូល​នៅ​ចន្លោះ​ខែ​មករា ឆ្នាំ ២០២០ ដល់​ខែ​មេសា ឆ្នាំ ២០២១ ហើយ​ផ្អែក​លើ​អ្នកជំងឺ​ដែល​មិន​បាន​ចូល​ដេកពេទ្យ​។​

​វេជ្ជបណ្ឌិត សាមី​ល ហា​រូ​ន (Shamil Haroon) ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​សុខភាព​សាធារណៈ​នៅ​សាកលវិទ្យាល័យ​បឺ​មីង​ហែម​និង​ជា​អ្នកនិពន្ធ​ជាន់ខ្ពស់​ក្នុង​ការសិក្សា​កាលពី​ថ្ងៃ​ចន្ទ បាន​និយាយថា “​ការស្រាវជ្រាវ​នេះ​ផ្តល់​សុពលភាព​លើ​អ្វី​ដែល​អ្នកជំងឺ​បាននិងកំពុង​ប្រាប់​ទៅ​គ្រូពេទ្យ​និង​អ្នក​បង្កើត​គោលនយោបាយ​ក្នុងអំឡុង​ជំងឺ​រាតត្បាត​ថា រោគសញ្ញា​នៃ​ជំងឺ​កូវី​ដ​១៩​មាន​លក្ខណៈ​ទូលំទូលាយ​និង​មិន​​អាច​ត្រូវបាន​រាប់បញ្ចូល​ទាំង​ស្រុង​ដោយ​កត្តា​ផ្សេងទៀត​ដូច​ជា​កត្តា​ហានិភ័យ​នៃ​របៀបរបប​រស់នៅ ឬ​ស្ថានភាព​សុខភាព​រ៉ាំរ៉ៃ​បានទេ​”​។​

​លោក​ហា​រូ​ន​បាន​បន្ថែមថា “​រោគសញ្ញា​ដែល​យើង​បាន​រកឃើញ​គួរតែ​ជួយ​ដល់​គ្រូពេទ្យ​និង​អ្នក​បង្កើត​គោលការណ៍​ណែនាំ​ផ្នែក​គ្លីនិក​ដើម្បី​កែលម្អ​ការវាយតម្លៃ​លើ​អ្នកជំងឺ​ដែល​មាន​ផលប៉ះពាល់​រយៈពេល​​វែង​ពី​កូវី​ដ​១៩ និង​ដើម្បី​ពិចារណា​ជា​បន្តបន្ទាប់​អំពី​របៀប​ដែល​បន្ទុក​រោគសញ្ញា​ទាំងនេះ​អាច​គ្រប់គ្រង​បាន​ល្អ​បំផុត​”៕

​ការ​ជ្រុះ​សក់​ឥឡូវ​ត្រូវ​បាន​ចាត់​ចូល​រោគសញ្ញា​កូវី​ដរយៈពេល​យូរ