ដោយៈ ស​រិ​ទ្ធ / មណ្ឌលគិរីៈ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយពី ជនសង្ស័យ នេះ បាន​ប្រើ​ដាវ កាប់​បុរស​ម្នាក់ ឱ្យ​រងរបួស​ធ្ងន់ ក្នុង​ពិធីសែនព្រេន បែប​ប្រពៃណី ជនជាតិដើម​ភាគតិច កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ករណី​ហិង្សា ដោយ​ចេតនា​នេះ បង្កឡើង​ដោយ​ឈ្មោះ ព្រីង រស្មី ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​លំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​ជនរងគ្រោះ ឈ្មោះ សែម ម្លា​វ ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ​ព្នង មុខរបរ​កសិករ ស្រុកកំណើត នៅ​ភូមិ​ពូ​ត្រុំ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃ ស្នាក់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។​

​មូល​ហេតុដែល​ឈានដល់​កាប់​ប្រហារ​គ្នា​បែបនេះ ដោយសារតែ ផ្ទះ​ឈ្មោះ វឺ​ប ច​ន មានកម្ម​វិធី​កាប់​ក្របី​សែនព្រេន ហើយ​មាន​ប្រជាពលរដ្ឋ ចូលរួម​ផឹកស៊ី ជាច្រើន​នាក់ នៅក្នុង​នោះ ជនបង្ក ក៏បាន​ចូលរួម​ផងដែរ​។ រហូតដល់​ម៉ោង​កើតហេតុ ជនបង្ក ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ក៏បាន​ប៉ះ​ទ​ង្កិ​ច​ពាក្យសំដី​គ្នា ជាមួយ​អ្នក​ដែល​ទៅ ចូលរួម​ពិធី​ដូចគ្នា ជនបង្ក​ក៏បាន​ទៅយក​ដាវ ពី​ផ្ទះ​របស់ខ្លួន មក​ដេញ​កាប់​អ្នក ដែល​ចូលរួម ធ្វើ​ឲ្យ​ផ្អើល​រត់ ជាន់ជើងគ្នា លើកលែងតែ​ជនរងគ្រោះ​តែ​ម្នាក់​ប៉ុណ្ណោះ កំពុងតែ​អង្គុយ​ភ្លេច​រត់ ស្រាប់តែ ជនបង្ក បាន​យក​ដាវ កាប់​ទៅលើ​ជនរងគ្រោះ ចំគ​ល់ក​ខាងក្រោយ បណ្ដាលឱ្យ​រងរបួស​ធ្ងន់​។​

​ភ្លាមៗ​នោះ កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ពេ​ជ្រា​ដា សហការ​ជាមួយ​កម្លាំង​វរៈ ៣០៣ និង​កម្លាំង​ប៉ុស្តិ៍​ពូ​ជ្រៃ បាន​ចុះទៅ​អន្តរាគមន៍ និង​ចាប់ខ្លួន​ជនសង្ស័យ យកមក​អធិការដ្ឋាន ដើម្បី​អនុវត្តតាម​នីតិវិធី​។​ចំណែក​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ឯ​រាជធានី​ភ្នំពេញ​៕/V​-PC