ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាចៅក្រម អាជ្ញាកណ្ដាលកីឡារាំ ដែលចាប់ផ្ដើមពីថ្ងៃទី២៣ មកនោះ បានបញ្ចប់ហើយ នៅថ្ងៃទី២៧ កក្កដា ម្សិលមិញនេះ ។
វគ្គនេះ បានដំណើរការសិក្សា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកក្កដា ដោយមានសិក្ខាកាម ចូលរួមសរុប ២៥នាក់។ ជាលទ្ធផល មានសិក្ខាកាម ទទួលបាននិទ្ទេសល្អ មាន ៣២ ភាគរយ និទ្ទេសល្អបង្គរ ៤៤ ភាគរយ និងនិទ្ទេសមធ្យម ២៤ ភាគរយ។
លោក Royce Yeh ចៅក្រមកីឡារាំអន្ដរជាតិ បានកោតសរសើរ សហព័ន្ធកីឡារាំកម្ពុជា ដែលមានធនធានគ្រាប់ពេជ្រក្នុងដៃ ដើម្បីចូលរួមប្រកួតប្រជែង លើឆាកអន្ដរជាតិ ទោះបីពុំទាន់ទទួលបាន លទ្ធផលល្អប្រសើរ តែលោកជឿជាក់ថា ប្រសិនបើសហព័ន្ធ យកគ្រាប់ពេជ្រនោះ មកច្នៃ ហើយថែរក្សាបានល្អនោះ អនាគតសហព័ន្ធ ក៏នឹងទទួលបាន លទ្ធផល កាន់តែល្អប្រសើរទៀតផង។
ចំពោះគ្រាប់ពេជ្រ ដែលអ្នកជំនាញអន្ដរជាតិ ខាងលើ បានលើកឡើងនោះ គឺលោកផ្ដោតសំខាន់ លើកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព គួរឲ្យកត់សម្គាល់។ ទោះបីស៊ីហ្គេម នៅវៀតណាម កាលពីថ្មីៗ កីឡារាំកម្ពុជា ពុំទទួលបានមេដាយ តែលោកណែនាំថា កុំបាក់ទឹកចិត្ត ព្រោះជាការប្រកួត រវាងគ្រូនិងសិស្ស ព្រោះបណ្ដាប្រទេស ភាគច្រើន សុទ្ធតែដើរមុនកម្ពុជា រាប់សិបឆ្នាំ។ ដូច្នេះកម្ពុជា ត្រូវការខំប្រឹងបន្ដទៀត ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ នាពេលដ៏ខ្លីខាងមុខ។
លោក Royce បានលើកឧទាហរណ៍ វិស័យកីឡារាំ របស់ប្រទេសហ្វីលីពីន កាលចាប់ផ្ដើមដំបូង គឺអន់ខ្លាំងមែនទែន តែឥឡូវកីឡារាំហ្វីលីពីន បានបង្ហាញភាពលេចធ្លោ និងល្បីល្បាញ លើពិភពលោក។
សម្រាប់កម្ពុជា ក៏ដូចគ្នាដែរ ដោយលោកមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចកែច្នៃគ្រាប់ពេជ្រ ឲ្យកាន់តែមានតម្លៃ តាមរយៈការបណ្ដុះបណ្ដាល និងដុសខាត់សមត្ថភាព ឲ្យកាន់តែមុត ស្រួច ដើម្បីចូលរួមការប្រកួតប្រជែង ដោយស្មើមុខមាត់ លើឆាកអន្ដរជាតិ៕/V