ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នឹងប្រារព្ធពិធីសម្ពោធបើកការប្រកួត នៅថ្ងៃទី៣០ កក្កដា តែពេលនេះ កីឡាករ កីឡាការិនីកម្ពុជា ដែលកំពុងតែស្ថិតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែងប្រកួតអាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ នោះ កាន់តែបង្កើនការហ្វឹកហាត់ទ្វេ បន្ថែមទៀត ។
ដោយឡែក សម្រាប់ប្រភេទកីឡាបាល់បោះពិការ ជិះរទេះនារីវិញ បានដាក់ក្ដីសង្ឃឹមថា នឹងមានឱកាសច្រើន ក្នុងការប្រជែងយកមេដាយ ក្នុងខណៈដែលក្រុមបុរស មិនសូវជាដាក់នូវក្ដីសង្ឃឹមខ្លាំងនោះឡើយ។
លោក ម៉ៅ សុជា គ្រូបង្វឹកក្រុមបាល់បោះពិការជិះរទេះកម្ពុជា ទាំងបុរស និងនារី បានឲ្យដឹងថាៈ សហព័ន្ធ បានបញ្ចូលទាំងក្រុមបុរស និងក្រុមនារី ចូលរួមប្រកួតអាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។ ប្រភេទកីឡាបាល់បោះពិការជិះរទេះនារី ទើបតែត្រូវបានដាក់ឲ្យប្រកួតដណ្តើម មេដាយជាលើកដំបូង ក្នុងព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេម លើកទី១១នេះ ប៉ុន្តែក្រុមបុរសធ្លាប់ចូលរួមហើយ។
សម្រាប់ក្រុមបាល់បោះរទេះ ជនពិការនារី ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកនេះ មានប្រទេស៤ ចូលរួមគឺ កម្ពុជា ថៃ ឡាវ និង ហ្វីលីពីន។ ការប្រកួត ធ្វើឡើងដោយ រូបមន្តវិលជុំសន្សំពិន្ទុ ដោយប្រទេសទាំង៤ នឹងត្រូវជួបគ្នាទាំងអស់។
ក្នុងជំនួបដំបូង ក្រុមបាល់បោះពិការជិះរទេះនារីកម្ពុជា ជួបក្រុមនារីឡាវ បន្ទាប់មកជួបក្រុមនារីថៃ និងចុងក្រោយ ជួបក្រុមនារីហ្វីលីពីន។ បន្ទាប់ពីបញ្ចប់ការប្រកួតវិលជុំនោះ ក្រុមលេខ១ ប្រកួតជាមួយក្រុមលេខ២ ដើម្បីដណ្តើមមេដាយមាស និងប្រាក់ ខណៈក្រុមលេខ៣ ប្រកួតជា មួយក្រុមលេខ៤ ដើម្បីដណ្តើមមេដាយសំរឹទ្ធ ដូច្នេះក្នុង ៤ ក្រុមនេះ មានតែមួយក្រុមប៉ុណ្ណោះ ដែលជាក្រុម ដែលគ្មានមេដាយ ហេតុនេះហើយ ទើបកម្ពុជា មានសង្ឃឹមនោះ។
គ្រូបង្វឹករូបនេះ បានបញ្ជាក់ថាៈ តាមបទពិសោធន៍នៃប្រកួតមិត្តភាព កន្លងមក យើងរំពឹងថា នឹងអាចទទួលបានជោគជ័យច្រើន។ គូប្រជែងដែលយើងគិតថា ជាឧបសគ្គធំបំផុតគឺ ក្រុមនារីថៃ។ ប្រសិនបើយើង អាចទទួលបានជ័យជម្នះ លើប្រទេសថៃ យើងអាចទទួលបាន មេដាយមាស។
សម្រាប់ក្រុមបាល់បោះរទេះបុរសវិញនោះ លោកគ្រូបង្វឹក ម៉ៅ សុជា បានបញ្ជាក់ថាៈ បច្ចេកទេសហ្វឹកហាត់ របស់ក្រុមបុរស កាលនៅខ្មែរ និងឥណ្ឌូណេស៊ី មិនសូវលើសខ្វះគ្នា ប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់ គឺល្បឿន។
នៅទីនេះ (ទីក្រុងសូឡូ) មានទីលានងាយស្រួលជាងធ្វើឲ្យល្បឿនបង្វិល ឬរុញរទេះ គឺលឿនជាងកាលហាត់នៅខ្មែរ។ មកដល់ពេលនេះ យើងបានត្រៀមខ្លួនរួចរាល់ហើយ ទាំងសម្ភារៈ កម្លាំងកាយ និងកម្លាំងចិត្ត ហើយថ្ងៃនេះ យើងធ្វើការហ្វឹកហាត់។ ថ្ងៃនេះ នឹងធ្វើការវាយតម្លៃ ចំណាត់ថ្នាក់ប្រភេទពិការ ហើយបន្ទាប់មក យើងនឹងហាត់អនុវត្តផ្ទាល់។
ក្រុមបាល់បោះពិការជិះរទេះបុរសកម្ពុជា ជួបដៃគូខ្លាំងៗ ដែលធ្វើឲ្យក្តីសង្ឃឹម ទទួលបានមេដាយមិនសូវខ្ពស់ ក្នុងនោះមានម្ចាស់ផ្ទះឥណ្ឌូណេស៊ី ហ្វីលីពីន និង ថៃ ។ ប្រកួតលើកទី១ ក្រុមបាល់បោះពិការជិះរទេះបុរសកម្ពុជា ជួបថៃ លើកទី២ឥណ្ឌូនេស៊ី និងលើកទី៣ ប៉ះហ្វីលីពីន។
លោកសុជា បានប្តេជ្ញាចិត្តថាៈ ចំពោះការប្រកួតផ្នែកបុរសនេះ យើងនឹងខិតខំប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព។ ធ្វើយ៉ាងណា ឲ្យបានលទ្ធផលប្រសើរ ពីព្រោះយើងប៉ះក្រុមសុទ្ធ តែខ្លាំងៗ ។
កាលអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ផ្នែកបាល់បោះពិការជិះ រទេះបុរស គឺក្រុមថៃ ឈ្នះមេដាយមាស ទាំង២ វិញ្ញាសា ខណៈក្រុមម៉ាឡេស៊ី ឈ្នះមេដាយប្រាក់ ទាំងពីរវិញ្ញាសា ហើយហ្វីលីពីនឈ្នះមេដាយសំរឹទ្ធទាំងពីរវិញ្ញាសា។
សូមបញ្ជាក់ថាៈ ក្រុមបាល់បោះពិការជិះរទេះកម្ពុជា ទាំងបុរស និងនារី ប្រកួត ២វិញ្ញាសា ដូចគ្នាគឺ វិញ្ញាសា ៣នាក់ទល់៣នាក់ និងវិញ្ញាសា ៥នាក់ទល់៥នាក់។ ការប្រកួត ប្រភេទកីឡាបាល់បោះពិការជិះរទេះ នឹងចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕/V