​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ស្តីអំពី​ប័ណ្ណ​ព្រំដែន កម្ពុជា​-​ថៃ (Border pass) ក្រោយ​មានប្រតិកម្ម​ខ្លះៗ ពី​ពលរដ្ឋ នៅ​ប៉ោយប៉ែត​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ បាន​ធ្វើឡើង​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ស្នើសុំ​ទៅ លោក ខៀវ កា​ញា​រឹទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់លោក ឱ្យជួយ​ផ្សព្វផ្សាយ ស្តីពី​ករណី​រយៈពេល​សុពលភាព នៃ​ការ​ស្នាក់នៅ​របស់ ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន កម្ពុជា​-​ថៃ មាន​រយៈពេល​តែ ២​យប់ ៣​ថ្ងៃ​។

​ពាក់ព័ន្ធ​ករណីនេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​ជម្រាបជូន​សាធារណជន​ថាៈ ក្រោយពី​មាន​វិបត្តិ​កូ​វីដ​១៩ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក ត្រូវបាន​បិទ​ទាំងស្រុង ហើយ​ទើប​ឱ្យ​ដំណើរការ​វិញ កាលពី​ថ្ងៃទី ១ ខែឧសភា ឆ្នាំ​២០២២ តាម​កិច្ចព្រមព្រៀង ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​អនុញ្ញាតឱ្យ​ស្នាក់នៅ បាន​រយៈពេល ៧​ថ្ងៃ ។ ប៉ុន្តែ ក្រោយពី បាន​បើក​ដំណើការ​ឡើងវិញ ខាង​ភាគី​ថៃ អនុញ្ញាត​ឱ្យតែ ២​យប់ ៣​ថ្ងៃ ទោះបី​អាជ្ញាធរខេត្ត ធ្វើសំណើ​សុំឱ្យ​ភាគី​ថៃ អនុវត្តតាម​កិច្ចព្រមព្រៀង​ស្នាក់នៅ បាន​រយៈពេល ៧​ថ្ងៃ ជាច្រើនលើក ច្រើនសារ យ៉ាងណាក៏ដោយ ប៉ុន្តែ​ភាគី​ថៃ ឱ្យ​រង់ចាំ​ថ្នាក់លើ សម្រេច​សិន​។​

​នាយរង​ម្នាក់ នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត នៅ​ថ្ងៃទី​២៨ ខែកក្កដា បាន​បំភ្លឺ​បន្ថែម ពាក់ព័ន្ធ​នឹង​ករណី​ដូចខាងលើ​នេះ ដោយ​លោក​បាន​និយាយ​យោង ទៅដល់​ប្រភពព័ត៌មាន ដែល​ទទួលបាន​ពី​ភាគី​ថៃ​ថាៈ ” ដំណឹង​ល្អ​សម្រាប់​បងប្អូន​អាជីវករ ខ្មែរ​ទាំងអស់ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ខែ​ក្រោយនេះ (​សីហា​) អ្វីៗ​ពីមុន បិទ​ច្រកទ្វារ នឹង​មក​ធម្មតា​ដូចដើម​វិញ ” ៕/V