ប្រែសម្រួល : កញ្ញាដាលីស (Global Times) ៖ រ៉ុក្កែត Lijian-1 (ZK-1) របស់ចិនបានធ្វើការហោះហើរលើកដំបូងរបស់ខ្លួនពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវក្វាន់ (Jiuquan) នៅភាគពាយព្យប្រទេសចិន ដោយបានបញ្ជូនផ្កាយរណបចំនួនប្រាំមួយទៅកាន់គន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។ យោងតាមអ្នកអភិវឌ្ឍន៍របស់វា គឺបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) រ៉ុក្កែតថ្មីដែលមានអង្កត់ផ្ចិត ២,៦៥ ម៉ែត្រនិងបណ្តោយប្រវែង ៣០ ម៉ែត្រនេះគឺជាប្រភេទរ៉ុក្កែតធំបំផុតនៅក្នុងប្រទេសចិន។
ការហោះហើរដំបូងដោយជោគជ័យរបស់រ៉ុក្កែត ZK-1 ដែលមានបំណងគាំទ្រជាចម្បងលើបេសកកម្មបាញ់បង្ហោះផ្កាយរណបខ្នាតតូចនិងមធ្យម មិនត្រឹមតែផ្តល់នូវជម្រើសសមត្ថភាពបន្ថែមទៀតសម្រាប់ការបាញ់បង្ហោះដោយប្រើរ៉ុក្កែតរឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវការអភិវឌ្ឍរបស់ប្រទេសចំពោះប្រភេទរ៉ុក្កែតបែបនេះដល់កម្រិតលំដាប់ពិភពលោកទៀតផង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែល CAS បានផ្តល់ឱ្យទៅកាសែត Global Times កាលពីថ្ងៃពុធ CAS បាននិយាយថា អ្វីដែលធ្វើឱ្យវាក្លាយជារ៉ុក្កែតរឹងលំដាប់ពិភពលោកគឺផ្អែកលើផ្នែកជាច្រើន រួមទាំងសមត្ថភាពបាញ់បង្ហោះ ភាពជឿជាក់ និងការចំណាយតិចរបស់វាសម្រាប់បេសកកម្មបាញ់បង្ហោះ។
រ៉ុក្កែតនេះគឺជាយានបាញ់បង្ហោះបួនដំណាក់កាលនិងមានទម្ងន់ ១៣៥ តោន នៅពេលបាញ់បង្ហោះជាមួយនឹងកម្លាំងត្បុរ ២០០ តោន។ ក្បាលរ៉ុក្កែតនេះមានអង្កត់ផ្ចិត ២,៦៥ ម៉ែត្រក្នុងអំឡុងពេលបាញ់បង្ហោះកាលពីថ្ងៃពុធទី២៧កក្កដា។ CAS បានបង្ហាញឱ្យដឹងថា រ៉ុក្កែត ZK-1 មានសមត្ថភាពបញ្ជូនវត្ថុទម្ងន់ ១.៥០០ គីឡូក្រាមទៅក្នុងគន្លងព្រះអាទិត្យចម្ងាយ ៥០០ គីឡូម៉ែត្រ (SSO)៕
រ៉ុក្កែត ZK-1 ដឹកផ្កាយរណបចំនួន៦ទៅដងតារាវិថីកាលពីថ្ងៃពុធ