​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (Global Times) ៖ ក្នុង​ចំណាត់ការ​មួយ​ដើម្បី​ដើរ​តួនាទី​កាន់តែ​ខ្លាំង​ឡើង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ដើម្បី​ការពារ​ភពផែនដី ថ្មីៗ​នេះ​ប្រទេស​ចិន​បាន​ចាប់ផ្តើម​​សាងសង់​កន្លែង​សង្កេត​សកម្ម​ក្នុង​លំហ​អាកាស​កម្រិត​ខ្ពស់​ថ្មី​មួយ​នៅក្នុង​ទីក្រុង​ឆុងឈីង​ភាគ​និរតី​របស់​ប្រទេសជា​មួយ​គោលដៅ​ជា​ច្រើន​រួមទាំង​ការបង្កើន​សមត្ថភាព​ការពារ​ប្រឆាំងនឹង​អាចម៍​ផ្កាយ​​នៅ​ជិត​ផែនដី​ក៏ដូចជា​សមត្ថភាព​ចាប់​សញ្ញា​សម្រាប់​ប្រព័ន្ធ​ផែនដី​-​ព្រះ​ចន្ទ​។​

​កន្លែង​សង្កេតការណ៍​ថ្មី ដែល​មាន​ឈ្មោះ​កូដ​ថា China Fuyan នឹង​មាន​រ៉ា​ដា​ចែកចាយ​ដែល​មាន​អង់​តែ​ន​ជាង ២០ ហើយ​អង់​តែ​ន​នី​មួយៗ​នឹង​មាន​អង្កត់ផ្ចិត​ពី ២៥ ទៅ ៣០ ម៉ែត្រ​។ ​ដោយ​ធ្វើការ​ជាមួយគ្នា ពួក​វា​ត្រូវ​គេ​រំពឹងថា​នឹង​អនុវត្ត​ការសង្កេត​កម្រិត​ខ្ពស់​លើ​អាចម៍ផ្កាយ​ក្នុង​ចម្ងាយ ១៥០ លាន​គីឡូម៉ែត្រ នេះ​បើ​យោងតាម Global Times​ដែល​ដឹង​រឿង​នេះ​ពី​អ្នកដឹកនាំ​​គម្រោង​គឺ វិទ្យាស្ថាន​បច្ចេកវិជ្ជា​ប៉េកាំង​។​

​មជ្ឈមណ្ឌល​ច្នៃប្រឌិត​នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​ប៉េកាំង​ឆុង​ឈីង មជ្ឈមណ្ឌល​សង្កេត​តារាសាស្ត្រ​ជាតិ​របស់​ចិន​ក្រោម​ចំណុះ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន សាកលវិទ្យាល័យ​ស៊ី​ង​ហួ (Tsinghua)​និង​សាកល​វិទ្យា​​ល័យ​ប៉េកាំង (Peking) ក៏​នឹង​ចូលរួម​ក្នុង​ដំណើរការ​សាងសង់​រ៉ា​ដា Fuyan​ផងដែរ ដែល​វា​នឹង​ក្លាយ​ជា​ប្រព័ន្ធ​រ៉ា​ដា​ចាប់​ចម្ងាយ​បាន​ឆ្ងាយ​បំផុត​របស់​ពិភពលោក​។​

​លោក ឡុង តេង (Long Teng) ប្រធាន​វិទ្យាស្ថាន​បច្ចេកវិជ្ជា​ប៉េកាំង ដែល​ជា​សមាជិក​នៃ​បណ្ឌិត្យសភា​វិស្វកម្ម​ចិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សាកលវិទ្យាល័យ​បាន​ប្រាប់​កាសែត Global Times ថា ដោយសារ​តែ​ប្រព័ន្ធ​រ៉ា​ដា​នេះ​មាន​អង់​តែ​ន​ច្រើន​ដូច​ក្រឡា​ភ្នែក​របស់​សត្វល្អិត ទើប​យើង​ផ្តល់​ឈ្មោះ​ឱ្យ​វា​ថា China Fuyan ។​

​លោក​ឡុង​បាន​និយាយថា ការសាងសង់​នេះ​នឹង​បំពេញ​ចន្លោះ​ទទេ និង​បំពេញ​តាម​តម្រូវការ​របស់​ប្រទេស រួមមាន​ការការពារ​ពី​វត្ថុ​អវកាស​នៅ​ជិត​ផែនដី និង​សមត្ថភាព​ចាប់​សញ្ញា​អវកាស ក៏ដូចជា​ការសិក្សា​អំពី​ភព​អាច​រស់នៅ​បាន​និង​ការកកើត​នៃ​អាចម៍ផ្កាយ​ផងដែរ​៕

​ចិន​ចាប់ផ្តើម​សាង​សាង​រ៉ា​ដា China Fuyan ដែល​អាច​ចាប់​សញ្ញា​ក្នុង​ទី​អវកាស​រហូត​ដល់​ចម្ងាយ ១៥០ លាន​គីឡូម៉ែត្រ​