ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុង​ខេត្តកំពង់ស្ពឺ​ចាប់ផ្តើម​ហក់​ឡើង​ខ្ពស់​នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា បន្ទាប់ពី​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​បន្តបន្ទាប់​ច្រើន​ថ្ងៃ​នៅក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ​ទើប​ធ្លាក់​ចូលដល់​ស្ទឹង តែ​មិនទាន់​ឈានដល់​កម្រិត​ព្រួយបារម្ភ​អំពី​ជំនន់​នៅក្នុង​ខេត្តកំពង់ស្ពឺ​នៅឡើយ​ទេ​។ ឯ​នៅ​ទំនប់​៧​មករា ទឹក បាន​ហក់​ឡើង​ជាង​មួយ​ម៉ែត្រ បើ​ធៀប​ទៅនឹង​ថ្ងៃទី​២៧ ខែកក្កដា ក៏​មិនទាន់​ឈានដល់​កម្រិត​ព្រួយបារម្ភ​អំពី​ជំនន់​នៅឡើយ​ដែរ​។​

​លោក​ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​ថា កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ចំណុច​ពាម​ឃ្លៃ បាន​ឡើងដល់​កម្រិត​កម្ពស់ ៤,៨០​ម៉ែត្រ ខ្ពស់ជាង​កាលពី​ព្រឹក​ថ្ងៃ​ដដែល​នេះ ០,៣៤​ម៉ែត្រ និង ខ្ពស់ជាង​កម្ពស់​ទឹក​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ០,៨០​ម៉ែត្រ ហើយ​ទឹក​នៅ​បន្ត​កើនឡើង​ថែមទៀត ដែលជា​ទឹកភ្លៀង​បាន​ធ្លាក់​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រួច​ទើប​ធ្លាក់ចូល​មកដល់​ស្ទឹង​នៅ​ព្រឹក​ថ្ងៃនេះ​។​


លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ទៀតថា​ជំនន់​ទឹកភ្លៀង​មកពី​ចាន់​ថ្នាល់ ស្រុក​ខេត្តកំពង់ស្ពឺ ក៏បាន​ធ្លាក់​មកដល់​ស្ទឹង​ព្រែក​ត្នោត​តាម​ស្ពាន​អូរ​ក្រាំង​អំបិល នៅ​ព្រឹក​ថ្ងៃ នេះ​ធ្វើឱ្យ​ទឹកស្ទឹង​ព្រែក​ត្នោត​ហក់​ឡើង​នៅថ្ងៃនេះ តែ​មិនទាន់​ពេញ​ស្ទឹង​នៅឡើយ​ទេ​។ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ទំនប់​រលាំង​ជ្រៃ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា មាន​កម្ពស់ ៧,៣០​ម៉ែត្រ បាន​ស្រក​ចុះ ០,០២​ម៉ែត្រ បើ​ធៀប​ទៅនឹង​ពេលព្រឹក​ថ្ងៃ​ដដែល​នេះ បន្ទាប់ពី​បាន​បើកទ្វារ​ទឹក​កម្ពស់ ២​ម៉ែត្រ ចំនួន​មួយ​ទ្វារ និង​កម្ពស់ ០,៧០​ម៉ែត្រ ចំនួន​ពីរ​ទ្វារ នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ជាមួយនឹង​ការបង្ហូរ​តាម​វា​រី​មួយ​ក្នុងចំណោម​បួន​វា​រី និង​ទឹក​ហូរ​ពីលើ​កម្រិត​កម្ពស់​សន្ទះទ្វា​រ​ធម្មតា ០,៣២​ម៉ែត្រ​។​

​លោក​ញ៉ា​ញ់ ជាប​ហ៊​ង បាន​និយាយ​ឱ្យដឹងទៀតថា​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុង​ខេត្តកំពង់ស្ពឺ​មិនទាន់​ឈានដល់​កម្រិត​ព្រួយបារម្ភ​ពី​ជំនន់​នៅឡើយ​ទេ​។ កម្រិត ភ្លៀង​ធ្លាក់​រយៈពេល​២៤​ម៉ោង​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​ពី ១​ដល់ ០,៤៨​មី​លី​ម៉ែត្រ នៅ​តម្រង​សាលាស្រុក​ភ្នំស្រួច​។​


​កម្ពស់​ទឹក​នៅ​ទំនប់​៧​មករា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ៤,៦៦​ម៉ែត្រ ទាប​ជាង​ទំនប់​បង្ហៀរ ០,១៤​ម៉ែត្រ បើកទ្វារ​ធំ​ដោះ​ទឹក​កម្ពស់ ១​ម៉ែត្រ​ចំនួន​៤​ទ្វារ​។ នៅ​ខាងក្រោយ​ទ្វារ ទឹក​មាន​កម្ពស់ ៥,២០​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៧ ខែកក្កដា ០,៩៥​ម៉ែត្រ​។ កម្ពស់​ទឹក​នៅ​ពីមុខ​ទ្វារ និង​ក្រោយ​ទ្វារ​ខុសគ្នា ២,៤៦​ម៉ែត្រ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា​ថា ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ទំនប់​៧​មករា មកដល់​រសៀល​ថ្ងៃនេះ ឡើង​ថែម​ជាង​មួយ​តឹក​ទៀត បើ​ធៀប​ទៅ​ថ្ងៃ​ម្សិលមិញ​ទឹកបាន​ឡើង​ជាង​មួយ​ម៉ែត្រ គឺ​ស្មើនឹង​ទំនប់​បង្ហៀរ​។ ទឹក​នៅក្នុង​ស្ទឹង​ផ្នែក​ក្រោម​ទ្វារ​ទឹក​នៅ​ទាប​ជាង​មាត់​ស្ទឹង​ប្រហែល​ពីរ​ម៉ែត្រ បានន័យថា​ទឹក​នៅ​ទំនប់​៧​មករា​មិនទាន់​ឡើងដល់​កម្រិត​ព្រួយបារម្ភ​ពី​ជំនន់​ន​ឡើយ​ទេ៕​