ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សប្រាំពីរនាក់ ភាគច្រើនជាកសិករ ត្រូវរន្ទះបាញ់ស្លាប់នៅក្នុងភូមិមួយនៅក្នុងរដ្ឋអ៊ុតតា ប្រាដែសរបស់ឥណ្ឌា នេះបើតាមការបញ្ជាក់ពីប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើអោយចំនួនមនុស្សស្លាប់ដោយរន្ទះបាញ់នៅក្នុងរដ្ឋភាគខាងជើងនេះឡើងដល់៤៩នាក់នៅក្នុងសប្តាហ៍នេះ។
កសិកររងគ្រោះបានជ្រកក្រោមដើមឈើក្នុងពេលធ្លាក់ភ្លៀងកាលពីថ្ងៃអង្គារ ហើយរន្ទះបានបាញ់ពួកគេស្លាប់ភ្លាមៗ។ជនរងគ្រោះរួមមាន សមាជិកបួននាក់ក្នុងគ្រួសារមួយ និងសត្វពាហនៈខ្លះនៅក្បែរទីក្រុងកូសំប៊ី(Kaushambi)។
ការស្លាប់ដោយរន្ទះបាញ់ដ៏ច្រើននេះនាំអោយរដ្ឋាភិបាលចេញការណែនាំអោយប្រជាជនចេះការពារខ្លួនក្នុងអំឡុងពេលមានព្យុះភ្លៀង ។
សូមបញ្ជាក់ថា រដូវវស្សានៅឥណ្ឌាចាប់ពីខែមិថុនា ដល់ កញ្ញា។មន្ត្រីម្នាក់នៅនាយកដ្ឋានឧតុនិយមឥណ្ឌាបានអោយដឹងថា រន្ទះបាញ់សម្លាប់មនុស្សជិត៧៥០នាក់នៅទូទាំងឥណ្ឌាចាប់តាំងពីខែមេសាមក ក្នុងនេះ២០នាក់នៅក្នុងរដ្ឋប៊ីហា(Bihar)នៅពីរថ្ងៃមកនេះ និង១៦នាក់នៅរដ្ឋម៉ាតយ៉ា(Madhya)នៅខែនេះ។
មន្ត្រីបរិស្ថានឥណ្ឌាម្នាក់ បាននិយាយថា ការឡើងកំដៅផែនដីដើរតួនាទីមួយក្នុងការកើនឡើងនៃរន្ទះបាញ់សម្លាប់មនុស្ស។លោកថា កំណើនសីតុណ្ហភាពមួយអង្សាសេ នាំអោយរន្ទះបាញ់កើនឡើង១២ដង។
ចំណែកមន្ត្រីម្នាក់ទៀតបន្ទោសលើការបំផ្លាញព្រៃឈើ ការបំហិនទឹកនិងការបំពុលបរិស្ថានសុទ្ធតែចូលរួមអោយប្រែប្រួលអាកាសធាតុ ដែលនាំដល់ការមានរន្ទះកាន់ច្រើនឡើង។
មនុស្សជាង២០០នាក់ត្រូវបានសម្លាប់ដោយជំនន់ទឹកភ្លៀងនិងការបាក់ដីសង្កត់នៅរដ្ឋឥណ្ឌាមួយចំនួន រួមមានរដ្ឋអាសាម(Assam) ម៉ានីពួរ(Manipur) ទ្រីពូរ៉ា(Tripura)និងស៊ីកគីម(Sikkim) នៅពេល៤២នាក់ទៀតស្លាប់ដោយឧបទ្ទវហេតុដូចគ្នានៅបង់ក្លាដែសចាប់តាំងពីថ្ងៃ១៧ឧសភាមក៕