​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ “​ការអភិវឌ្ឍ​ប្រទេសមួយ​ប្រកបដោយ​ភាពរឹងមាំ ត្រូវការ​ជា​ចាំបាច់​នូវ​ការចូលរួម​យ៉ាងសកម្ម និង​រស់​រវើក​ពី​វិស័យ​ឯកជន​។ ជាមួយនឹង​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​សំណាក់​រាជរដ្ឋាភិបាល តាមរយៈ​ការលើកកម្ពស់​បរិយាកាស​ធុរកិច្ច​-​វិនិយោគ គឺ​វិស័យ​ឯកជន​នៅ​កម្ពុជា អាច​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស និង​បាន​ដើរតួនាទី​ជា​ឆ្អឹងខ្នង​នៃ​ខឿនសេដ្ឋកិច្ច​ជាតិ ដែល​អាច​ចូលរួមចំណែក​ដោយផ្ទាល់​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ដោយ​ប្រយោល តាមរយៈ​បង្កើន​ចំណូល​ពន្ធ និង​ការបង្កើន​ការវិនិយោគ ដែល​អាចបង្កើត​ការងារ​ជា​បន្តបន្ទាប់ និង​ពង្រឹង​ភាព​ប្រកួតប្រជែង ព្រមទាំង​លើកកម្ពស់​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​។ បន្ថែម​លើ​នេះ វិស័យ​ឯកជន ក៏មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា សង្គម​ផ្សេងៗ ដូចដែល​យើងទាំងអស់គ្នា​បានឃើញ​កន្លងមក​រួច​មកហើយ តួយ៉ាង​ដូចជា​ការចូល​រួម​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ជាដើម​។​”

​នេះ​ជាការ​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​កម្ម​វី​ធី​សម្ពោធ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ស្រា​បៀរ​អ៊ិន​ធើ​-​ម៉ា​ទ្រី​ដ បេ​វើ​រិច (​ខេ​ម​បូ​ឌា​) នៅក្នុង​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ព្រឹត្តិការណ៍​នេះ​បានបង្ហាញ​ឱ្យឃើញ​អំពី​សក្តានុពល​នៃ​វិស័យ​វិនិយោគ​នៅ​កម្ពុជា ហើយក៏​ជាការ​គាំទ្រ​ដល់​ការបោះ​ជំហាន​ទៅមុខ​នៃ​ចក្ខុវិស័យ​ក្នុងការ​ជំរុញ​កែប្រែ និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី ”​ឧស្សាហកម្ម​អត្តពលកម្ម​“ ឈាន​ទៅជា “​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ និង​បច្ចេកវិទ្យា​” ដូច​មានកំណត់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ របស់​រាជរដ្ឋាភិបាល​។​

​លោក​បាន​លើក​ឡើ​ថា នៅមុន​វិបត្តិ​កូ​វីដ​-១៩ ក្នុង​រវាង​២០​ឆ្នាំ ចន្លោះ​ឆ្នាំ​១៩៩៨-២០១៨ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត ដោយ​រក្សាបាន​ចីរភាព​នៃ​កំណើន​ជា​មធ្យម ៨%​។ ដោយឡែក​នៅក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូ​វីដ​-១៩ ក្នុង​រយៈពេល​ជាង ០២ ឆ្នាំ​កន្លងមកនេះ ប្រទេស​កម្ពុជា បានទទួល​រង​នូវ​ផលប៉ះពាល់​គួរឱ្យកត់សម្គាល់ ដែល​បញ្ហា​នេះ​បាន​បង្អាក់ដំណើរ​នៃ​ការបោះ​ជំហាន​ឆ្ពោះទៅមុខ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​បានដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​មកលើ​វិស័យ​សុខភាព​សាធារណៈ​។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​ប្រមុខ រួម​ជាមួយនឹង​ការចូលរួម​គាំទ្រ​ពី​សំណាក់​មន្ត្រីរាជការ​, កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​កម្ពុជា​, ធុរជន​-​វិនិយោគិន​, អង្គការ​ជាតិ និង​អន្តរជាតិ​, ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​បណ្តា​ប្រទេស​ជា​មិត្ត កម្ពុជា​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាង​មាន​ប្រសិទ្ធភាព ទាំង​លើ​កា​រលើ​ការព្យាបាល និង​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស និង​បាន​ឈានដល់​ការស្តារ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ផងដែរ​។ ជាក់ស្តែង ទោះបីជា​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា មានការ​ធ្លាក់ចុះ​ក្នុង​អត្រា -៣,១% នៅក្នុង​ឆ្នាំ​២០២០ ក៏ដោយ​, ប៉ុន្តែ​បាន​ងើប​ឡើងវិញ​ក្នុង​អត្រា ៣% នៅក្នុង​ឆ្នាំ​២០២១ និង​ត្រូវបាន​ព្យាករ​ថា​នឹង​បន្ត​កើនឡើង​ក្នុង​អត្រា​ប្រមាណ​ខ្ពស់ជាង ៥% នៅក្នុង​ឆ្នាំ ២០២២​។ ចំណែកឯ​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​បន្ត​ឈរលើ​ចំណាត់ថ្នាក់​ពិភពលោក​លំដាប់​ទី​១ ក្នុងនាម​ជា​ប្រទេស​ដែល​ជោគជ័យ​លើ​ការគ្រប់គ្រង​ការឆ្លង​, ការចាក់​វ៉ាក់សាំង និង​ការបើក​ដំណើរការ​ឡើងវិញ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​។

​មេបញ្ជាការ​កងទ័ពជើងគោក បាន​គូសបញ្ជាក់ថា​ឆ្លងតាម​បទពិសោធន៍​ដែល​ជួបប្រទះ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ប្រែក្លាយ​វិបត្តិ​ឱ្យទៅជា​ឱកាស តាមរយៈ​ការរៀបចំ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ជា​បន្តបន្ទាប់ សំដៅ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែខ្លាំង​ជាង​មុន ព្រមទាំង​ពង្រឹង​ភាព​ធន់​ទៅនឹង​វិបត្តិ​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​នាពេល​អនាគត​។ ជាក់ស្តែង​, រាជរដ្ឋាភិបាល​បាន សម្រេច​ដាក់ឱ្យអនុវត្ត​នូវ ”​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ ២០២១-២០២៣” ដោយ​ឈរលើ​សសរស្តម្ភ​ចំនួន ៣ ដែល​រួមមាន ៖ (១). ការស្តារ​កំណើនសេដ្ឋកិច្ច ឡើងវិញ​, (២). ការកែទម្រង់ ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​កំណើន​, ពិពិធ​កម្ម និង​ភាព​ប្រកួតប្រជែង និង (៣). ការពង្រឹង​ភាព​ធន​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​៕​