ដោយៈ ភ្នំ​សន្ទុក​/​កំពង់ធំ​: នា​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០២២​នេះ អភិបាលខេត្ត​កំពង់ធំ អស់លោក លោកស្រី ប្រធាន​មន្ទីរ​ពាក់ព័ន្ធ មន្ត្រីរាជការ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ បាន​ចូលរួម​ប្រារព្វ​ទិវា​មច្ឆជាតិ ១ កក្កដា ២០២២ ស្ថិតនៅ​អាងទឹក​អូរ​មៀន ស្ថិតនៅ​ភូមិ​ជាំ​ផល សមរម្យ បូ​ពឹង ឃុំ​មានជ័យ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។​

​ថ្លែង​ក្នុងឱកាស​នោះ លោក​ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា​កំណើន​ប្រជាពលរដ្ឋ ក៏ដូចជា​កំណើន​ប្រជា​នេសាទ​ដែល រស់នៅ​ជុំវិញ​បឹង​ទន្លេសាប ក៏មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​បានដាក់​សម្ពាធ​យ៉ាង​ធ្ងន់​បន្ថែមទៀត ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ធនធាន​ជលផល និង​ធនធាន ធម្មជាតិ​ផ្សេងៗ​ទៀត ដែល​ស្ថិត​នៅតែ​ជា​ឧបសគ្គ​ចម្បង​ក្នុងការ​ធ្វើ​ឲ្យ​បានសម្រេច​តាម ផែនការ​ប្រើប្រាស់ អភិវឌ្ឍ​ធនធាន​ជលផល និង​ធនធានធម្មជាតិ​ដទៃទៀត​ប្រកបដោយ​ចីរភាព​។ ដោយហេតុ​នេះហើយ ទើប​រាជរដ្ឋាភិបាល​បានរៀបចំ​កម្មវិធី​កំណ ទម្រង់​គោលនយោបាយ​វិស័យ​ជលផល ដ៏​ស៊ីជម្រៅ​មួយ​ជា​ប្រវត្តិសាស្ត្រ ដោយបាន​លុប​ឡូត៍​នេសាទ​ទាំងអស់ ហើយ​បានប្រគល់​សិទ្ធិអំណាច​ទៅ​ឲ្យ​សហគមន៍​គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ដោយផ្ទាល់​នោះ បានធ្វើ​ឲ្យ​ប្រជាកសិករ អាចមាន​លទ្ធភាព ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការសម្រេចចិត្ត និង​រៀបចំ​ផែនការ កម្មវិធី​អភិវឌ្ឍន៍​នានា របស់​មូលដ្ឋាន​រៀងៗ ខ្លួន ហើយ​រួមចំណែក​ទទួលខុសត្រូវ និង​ធ្វើជា​ម្ចាស់​លើ​ការ គ្រប់គ្រង​ធនធានធម្មជាតិ​ដោយ​ខ្លួនឯង ។

​លោក​អភិបាល​ខេត្តកំពង់ធំ​បន្ថែមថា ដើម្បី​ចូល​ចំណែក​ថែរក្សា​ធនធានធម្មជាតិ​ទាំងអស់នេះ​បាន គឺ​សូម​មន្ត្រី​ជំនាញ​៖

​ទី​១-​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ ត្រូវ​បន្ត​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល និង លិខិតបទដ្ឋាន​គតិយុត្តិ​។​
​ទី​២-​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ ត្រូវ​បន្តការងារ​បង្ក្រាប​បទ​ល្មើស​នេសាទ​ឲ្យ​មាន ប្រសិទ្ធភាព​ថែមទៀត​។​
​ទី​៣-​ត្រូវ​បំផុស​ការអភិវឌ្ឍ​វា​វី​វប្បកម្ម ដោយ​ត្រូវ​ជំរុញ​ការ​បង្កាត់​ភ្ញាស់​ពូជ​ត្រី ដើម្បី ចែកជូន​ប្រជាពលរដ្ឋ​ចិញ្ចឹម​។​
​ទី​៤-​ខណ្ឌ​រដ្ឋបាល​ជលផល​ត្រូវខិតខំ​ពង្រឹងសមត្ថភាព​ដល់ សហគមន៍​នេសាទ​ដែល បាន​បង្កើតឡើង​រួចហើយ​ឲ្យ​បាន​រឹងមាំ​។​
​ទី​៥-​ត្រូវ​ថែរក្សា​បង្គោលព្រំ​ប្រទល់​ក​ន្លែ​ង​អភិរក្ស​ដែល​បាន​បោះ​រួច​ឲ្យ​បានល្អ ព្រមទាំង​ធ្វើ​សកម្មភាព​ការពារ​គ្រប់គ្រង​កន្លែង​អភិរក្ស​ជលផល​។
​ទី​៦-​អាជ្ញាធរ​ស្រុក ឃុំ ដែលមាន​ព្រៃ​លិច​ទឹក​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ត្រូវ​ចាត់ វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​។
​ទី​៧-​ខណ្ឌ​រដ្ឋបាល​ជលផល ត្រូវ​បន្ត​ដាំ​ព្រៃ​លិច​ទឹក​ឲ្យ​បាន​ច្រើន​លើដី​ត្រូវបាន​ដកហូត ពី​ការទន្ទ្រាន ដើម្បី​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​។
​ទី​៨-​ត្រូវ​ស្វែងរក​អង្គការ​ដៃគូ​ដើម្បី​ជួយ​ដល់​វិស័យ​ជលផល​បន្ថែមទៀត ។

​លោក​អភិបាល​ខេត្តកំពង់ធំ ក៏​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​កុំ​ប្រើ​ឧបករណ៍​នេសាទ ល្មើសច្បាប់ ក្នុង​ការធ្វើ​នេសាទ​ជាពិសេស​គឺ​ឧបករណ៍​ឆក់ និង​ស្បៃ​មុង ៕​