ដោយៈ គង់ហេង/ ត្បូងឃ្មុំៈ បុរសជាជាងសំណង់ម្នាក់បានលង់ទឹកស្លាប់ នៅក្នុងប្រឡាយជម្រៅជិត ពីរម៉ែត្រ នាតំបន់ទួលប្រវត្តិសាស្ត្រ«ទុំទាវ»ស្ថិតក្នុងភូមិជាងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បន្ទាប់ពីផឹកស្រាហើយ បានប្រាប់ក្រុមការងារថា ទៅរកកាប់សត្វពស់ថ្លាន់ កាលពីក្បាលព្រលប់ថ្ងៃទី២៧ កក្កដាម្សិលមិញ។
តាមការបំភ្លឺរបស់បុរសជាជាងសំណង់ដូចគ្នាប្រាប់សមត្ថកិច្ច នៅក្រោយកើតហេតុថាៈ ជនរងគ្រោះដែលស្លាប់ដោយសារលង់ទឹកឈ្មោះ ឌុក សាវិន អាយុ ៤៩ ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ និងមានមុខរបរជាកម្មករសំណង់ ធ្វើរបងនៅទីទួលប្រវត្តិសាស្ត្រ«ទុំទាវ»ស្ថិតក្នុងភូមិឃុំ កើតហេតុជាមួយខ្លួនដែរ។
ប្រភពដដែលបានបំភ្លឺប្រាប់សមត្ថកិច្ចទៀតថាៈ នៅមុនលង់ទឹកស្លាប់ជនរងគ្រោះបានជួបជុំអង្គុយផឹកស្រាជាមួយអ្នករួមការងារចំនួន ប្រាំ នាក់រហូតដល់ម៉ោងជាង ៦ ល្ងាច ក្បាលព្រលប់ថ្ងៃទី២៧ កក្កដាដដែល បានប្រាប់ថា ខ្លួនឈប់ផឹកហើយ ទៅរកកាប់សត្វពស់ អ្នកក្នុងវង់បានឃាត់ តែជនរងគ្រោះមិនស្តាប់។
ប្រភពនោះបានបន្តថាៈ រង់ចាំប្រហែលជិត មួយ ម៉ោងមិនឃើញ ឌុក សាវិន ត្រឡប់មកវិញ ក៏នាំគ្នាតាមរកបានប្រទះឃើញដេកផ្កាប់មុខស្លាប់នៅក្នុងប្រឡាយទឹកជម្រៅជិត ពីរ ម៉ែត្រក៏នាំគ្នាស្រង់មកដាក់លើគោក គឺជនរងគ្រោះបានស្លាប់បាត់ហើយ និងបានរាយការណ៍ជូនសមត្ថកិច្ចមកពិនិត្យសាកសពនេះ៕