ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញ: ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទទួលបានរបស់មានគុណភាព និង បង្ការការក្លែងបន្លំ ផលិតផល ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ បានសម្រេចប្រើប្រាស់ នូវកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា ATTWOOD BLOCKCHAIN STICKER (ABS) ដែលជាបន្ទះឈីប ថ្មី សម្រាប់កំណត់សម្គាល់លើ ផលិតផល ដែលក្រុមហ៊ុនបានកំណត់ ដើម្បីអោយអតិថិជនរបស់ខ្លួនមានទំនុកចិត្តកាន់តែខ្ពស់មកលើសេវាកម្មនិងគុណភាព។
ថ្លែងក្នុងពិធីសម្ពោធ តែម (ATTWOOD BLOCKCHAIN STICKER)ហៅកាត់ (ABS) លោក តាន់ សែឆាយ អគ្គនាយក ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ បានអោយដឹងថា នេះជាលើកទីមួយក្នុងប្រទេសកម្ពុជា ដែលបាននាំចូល នូវ បន្ទះឈីប ឬ តែម បិតនៅលើផលិតផលក្រុមហ៊ុនរបស់លោក ដើម្បីងាយស្រួលក្នុងការដាក់ចររាចណ៍ផលិតផល ក្នុងប្រទេសកម្ពុជា ព្រោះនេះជាទង្វើរទទួលខុសត្រូវមួយចំពោះអតិថិជនរបស់ខ្លួន ដែលងាយស្រួលមើលពីរបស់ក្លែងក្លាយ ឬរបស់ដែលមិនបានដាក់លក់ដោយក្រុមហ៊ុនលោកផ្ទាល់។ លោកបន្តថា តែម ABS ដែលប្រើបច្ចេកវិទ្យា Blockchain ចុងក្រោយបង្អស់ សំរាប់ផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការពិនិត្យផលិតផលដោយផ្ទាល់នៅកន្លែងជាវតែ ម្ដងតាមរយៈ App មួយប្រភេទដែលមានម៉ាកល្បីៗជាច្រើន បានប្រើប្រាស់នៅលើពិភពលោកដែរ នោះគឺ App “VeChain Pro” ។
លោកបន្តថា សូម្បីតែនៅប្រទេសល្បីៗដូចជាសហរដ្ឋអាមេរិក សិង្ហបុរី និងប្រទេសជាច្រើនទៀតក៏និយមប្រើប្រាស់តែម មួយនេះ ដើម្បីសម្គាល់ម៉ាកយីហោរបស់ពួកគេដែរ។
ក្នុងពិធីនោះផងដែរលោកបានពន្យល់បន្ថែម ពីអត្ថប្រយោជន៍នៃតែមសុវត្ថិភាពប្រភេទថ្មី ABS នេះ ដោយគ្រាន់តែទាញយក App “VeChain Pro” ពី App Store ឬ Google Play ចូលទៅក្នុងទូរស័ព្ទដៃរបស់ លោកអ្នកនោះជាការស្រេច។
គួររំឭកផងដែរថា កន្លងមកក្រុមហ៊ុន អ៊ែតវូត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនរបស់ខ្លួន ដោយក្រុមហ៊ុនបានបង្កើតតែមសុវត្ថិភាពជាច្រើនប្រភេទបិតលើគម្រប់ដបជាការសម្គាល់ ផលិតផលក្រុមហ៊ុន ហើយជាក់ស្តែងនៅពេលនេះក្រុមហ៊ុន អ៊ែតវូត បានដាក់ឲ្យប្រើប្រាស់នូវតែមសុវត្ថិភាពប្រភេទថ្មីនេះ ដោយប្រើបច្ចេកវិទ្យាខ្ពស់ហៅថា តែមសុវត្ថិភាព ABS (Attwood Blockchain Sticker) ដែលមានភាពងាយស្រួលដល់អតិថិជនធ្វើការត្រួតពិនិត្យដោយផ្ទាល់ តាមរយៈ App “VeChain Pro”។
ខាងក្រោមនេះជារបៀបទាញយក App “VeChain Pro” តាមទូរស័ព្ទវៃឆ្លាត ៖
⦁ ទាញយក ឬ Downloadពី App Store ឬ Google Play
⦁ ចុចពាក្យ Try NFC
⦁ ស្កេនលើឡូហ្កោ Attwood.
⦁ លោកអ្នកនឹងឃើញពាក្យ ATTWOOD CERTIFIED៕