​ដោយ​: ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ មន្ត្រី​ពាក់ព័ន្ធ​បាន​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ពិធី​ប្រកាស​ឃុំ​ប៉ោយចារ​ជា​ឃុំ​”​អស់​មីន​”​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​០៩​សីហា​ឆ្នាំ ២០២២​ដ៏​ខ្លី​ខាងមុខនេះ ដោយ​ឆ្លងតាម​កិច្ចប្រជុំ​ពិភាក្សា ក្រុមមន្ត្រី​បាន​យល់ស្រប​គ្នា​ថា អាច​ប្រកាស​ដូច្នេះ​បាន ប៉ុន្តែ​ត្រូវ​រង់ចាំ​ប្រតិបត្តិការ​បោសសម្អាត​ចំការមីន​ចំនួន ៩ នៅលើ​ផ្ទៃដី​ទំហំ​៥៣​ហិច​តា ដែល​កំពុង​ប្រតិបត្តិការ​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​និង​សំណូមពរ​ពលរដ្ឋ​សិន ពីព្រោះ​ទីនោះ​ស្ថិតនៅ​ក្នុងស្រុក​ភ្នំស្រុក​ដែល​ក៏​ជា​អតីត​បន្ទាយ​និង​សមរភូមិ​កាលសម័យ​សង្គ្រាម​កន្លង​មក​នោះ ។​

​កិច្ចប្រជុំ​នោះ​ដឹកនាំ​ដោយ​លោក ទេព កល្យាណ អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន និង​លោក​អោម ចន្ថា អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រី​ប្រតិបត្តិ​ករ​ស៊ីម៉ាក់​ខាងលើ​អោយដឹងថា :​ឆ្លើយតប​ទៅនឹង​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពី​យុទ្ធនាការ បោសសម្អាត មីន ផ្តើមចេញពី​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ជា​ឃុំ​គ្មាន​មីន បាន​រកឃើញ​ចម្ការមីន​ចំនួន ៩ មាន​ផ្ទៃដី​សរុប​ប្រមាណ​៥៣​ហិច​តា​ហើយ​បាន​នឹង​កំពុង​បោសសម្អាត​ស្ទើរ​រួចរាល់​ហើយ ។​

​សូម​រំលឹកថា ក្នុងសម័យ​សង្គ្រាម​នៃ​ទសវត្សរ៍​ទី​៨០​និង​៩០ ស្រុក​ភ្នំស្រុក​ទីតាំង​ច្បាម​ភូមិសាស្ត្រ​ខាង​យុទ្ធសាស្ត្រ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​ជា​ចំណុច​សមរភូមិ​ក្តៅ រវាង​ភាគី​ជម្លោះ​នៅក្នុង​សម័យ​សង្គ្រាមស៊ីវិល​៕​