​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​របប​យោធា​មី​យ៉ាន់​ម៉ា​ចំពោះ​ការប្រហារជីវិត​អ្នកទោស​បួន​នាក់ ដោយ​នាំអោយ​មាន​ការអបអរ​ពី​រដ្ឋា​ភិ​​បាល​ស្រមោល​មួយ​របស់​ពួក​សមាជិកសភា​នៃ​របប​មុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ក្នុង​ការមូល​មតិ​គ្នា​ដ៏​កម្រ​មួយ​អំពី​វិបត្តិ​ក្រោយ​រដ្ឋប្រហារ ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​ពុធ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ការប្រហារជីវិត​មនុស្ស​ជា​លើក​ដំបូង​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​​និង​បាន​អំពាវនាវ​អោយ​ដោះលែង​មេដឹកនាំ​ស៊ីវិល អ៊ុង​សាន ស៊ូ ជី ជាបន្ទាន់​។​

​សកម្មជន​រួមមាន​ជនជាតិ​មី​យ៉ាន់​ម៉ា​ចូលរួម​ក្នុង​ការតវ៉ា​ប្រឆាំង​ការប្រហារជីវិត​មនុស្ស​នៅ​មី​យ៉ាន់​ម៉ា នៅក្រៅ​សកល​វិទ្យាល័យ​មួយ​នៅ​ក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​អង្គារ

​សេចក្តីថ្លែងការណ៍​នេះ​បាន​ការគាំទ្រ​ពី​រុស្ស៊ី​និង​ចិន ដែល​ជា​សម្ពន្ធមិត្ត​ធំ​ពីរ​របស់​របប​យោធា ហើយ​ដែល​ពីមុនៗ​តែង​ការពារ​របប​កើតចេញ​ពី​រដ្ឋប្រហារ​នេះ ។​

​រដ្ឋាភិបាល​ឯកភាព​ជាតិ ដែល​ជា​រដ្ឋាភិបាល​ស្រមោល បង្កើតឡើង​ដោយ​សមាសភាព​ប្រឆាំង​រដ្ឋាភិបាលយោធា​បាន​និយាយថា​«​ស្វាគមន៍​ការ​ថ្កោ​ទោស​របស់​ក្រុមប្រឹក្សាសន្តិសុខ​។​វា​ជា​លើកដំបូង​ដែល​​ក្រុមប្រឹក្សា​ចាត់វិធានការ​មាំទាំ​ប្រឆាំង​របប​សឹក​»​។​

​ការប្រហារជីវិត​ដែល​ត្រូវបាន​ប្រកាស​ឡើង​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ក​ការ​ថ្កោលទោស​មកពី​ជុំវិញ​ពិភពលោក ដោយ​រំលេច​ការព្រួយបារម្ភ​ថា អ្នកទោស​ជាច្រើន​ទៀត​នឹង​ជួប​វាសនា​ដូច​ពួកគេ​និង​ក៏​នាំអោយ​​មាន​ការអំពាវនាវ​អោយ​មាន​វិធានការ​អន្តរជាតិ​ខ្លាំងក្លា​ឡើង​ប្រឆាំង​នឹង​របប​យោធា​មី​យ៉ាន់​ម៉ា​៕