ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រារព្ធ​ទិវា​មច្ឆជាតិ ១ កក្កដា នៅ​អាងទឹក​ឈ្វាំង ស្ថិតនៅ​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព​លោក​បណ្ឌិត សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ និង ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋា​​ភិ​បាល​ចុះ​មូលដ្ឋាន ខេត្តកំពង់ឆ្នាំង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើន​កុះករ​ផដែរ ។

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ ក​សិ​ម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​អោយដឹងថាៈ​ការរៀបចំ​ប្រារព្ធ​ទិវា​មច្ឆជាតិ​នា​ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង​បាន​លែង​កូន​ត្រី​ពូជ និង មេ​ពូជ​ត្រី​៦​ម៉ឺន​ក្បាល ចូលទៅក្នុង​អាងទឹក​ឈ្វាំង ស្ថិតក្នុង​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមាន​ត្រី​រ៉ស់ ត្រី​អណ្តែង ត្រី​ក្រាញ់ ត្រី​ខ្យា ត្រី​ព្រលូង ត្រី​កាហែរ ។

​លោក​បណ្ឌិត សភាចា​រ្យ អ៊ុក រ៉ាប៊ុន បាន​មាន​ប្រសា​សប៍​ថាៈ ការលែង​កូន​ត្រី​ពូជ គឺ​ដើម្បី បំផុស​មហាជន​អោយមាន​​ស្មារតី​ចូលរួម​ការពារ អភិរក្ស និង អភិវឌ្ឍន៍​ធនធាន​ជលផល​អោយមាន​ភាពប្រសើរឡើង ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល កំណែទម្រង់​វិស័យ​ជលផល ដោយបាន​លុប​ឡូត៍​នេសាទ​ទាំងអស់ ហើយ​បានប្រគល់​សិទ្ធិអំណាច​ទៅអោយ​សហគមន៍​គ្រប់គ្រង និង​រៀបចំ​ផែនការ​សម្រាប់ អភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន ។​

​លោក​បណ្ឌិត សភាចា​រ្យ អ៊ុក រ៉ាប៊ុន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល លិខិតបទដ្ឋាន​គតិយុត្តិ​នានា ជូន​ដល់​ប្រជាពលរដ្ឋ​អោយបាន​យល់ ត្រូវធ្វើ​ការបង្ក្រាប​បទ​ល្មើស​នេសាទ​មាន​តម្លាភាព ដោយ​ធ្វើការ​សហការ​ណ​ជាមួយ សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​។ បំផុស​អោយ​ប្រជាពលរដ្ឋ អភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​ជំនាញ សហគមន៍​នេសាទ​ដែល​បាន​បង្កើត​រួច​អោយបាន​រឹងមាំ​។ ត្រូវ​រួមគ្នា​ថែរក្សា​ព្រៃ​លិច​ទឹក​អោយបាន​គង់វង្ស កុំ​ធ្វើ​ការនេសាទ​ដោយ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែលនាំអោយ វិនាស​ពូជ​ត្រី​ទាំងស្រុង​នាពេល​អនាគត ។​

​នៅ​បញ្ចប់​ពិធី​លោក​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន​អាជ្ញាធរខេត្ត​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​កងកម្លាំងប្រដាប់អាវុធ​ទាំងបី ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​លែង​ត្រី​នៅក្នុង​បឹង​ឈ្វាំង​សែន​ជ័យ​នេះ​ផងដែរ ៕​