​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ “​មតិ​យើង​” ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួងមហាផ្ទៃ អង្គការ​តម្លាភាព​កម្ពុ​ជា និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា ចាប់ពីពេលនេះ​ទៅ សាធារណជន​ទាំងអស់​អាចធ្វើ​ការស្វែងរក​ជំនួយ សាកសួរ​ព័ត៌មាន ដាក់​បណ្តឹង និង​វាយតម្លៃ​សេវាសាធារណៈ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​បាន ដោយ​រក្សា​ការសម្ងាត់​ផងដែរ​។​

​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ទូរស័ព្ទដៃ សម្រាប់​ទទួល​មតិយោបល់​ពី​ប្រជាពលរដ្ឋ អំពី​ការផ្តល់​សេវាសាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​នេះ នៅ​រាជធានី​ភ្នំពេញ លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា នេះ​ជាការ​រួមចំណែក​មួយ​នៅក្នុង​ការលើកកម្ពស់ និង​ជំរុញ​ការអនុវត្ត​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់​តែមាន​តម្លាភាព គណនេយ្យភាព និង​ភាពឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់ក្រោម​ជាតិ ក្រោម​ក្របខណ្ឌ​នៃ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែលជា​គោលនយោបាយ​សាធារណៈ​មួយ​ដ៏​មាន​ប្រជាប្រិយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​លើកកម្ពស់​ប្រជា​ធិ​តេ​យ្យ និង​អភិបាលកិច្ច ក្នុងការ​គ្រប់គ្រង ការផ្តល់សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព និង ឆាប់រហ័ស​ទៅនឹង​សំណើរ សំណូមពរ និង​តម្រូវ​ការចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​។​

​លោក​រដ្ឋលេខាធិការ បានលើកឡើង​បន្តថា កម្មវិធី​ទូរស័ព្ទដៃ​នេះ ក៏​នឹង​អាចរួមចំណែក​ក្នុងការ​បង្កើន​ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុងការ​លើកកម្ពស់​កា​រ​ផ្តល់​សេវាសាធារណៈ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត ជាពិសេស​ជួយ​ដល់​នាយកដ្ឋាន​មុខងារ និង​ធនធាន នៃ​ក្រសួងមហាផ្ទៃ មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​ដូចជា​សំណើរ សំណួរ សំណូមពរ ឬ​បណ្តឹង​ផ្សេងៗ​បាន​យ៉ាង​ល្អ ជារួម​នឹង​ការរៀបចំ​របាយការណ៍​បូកសរុប​ផ្សេងៗ​កាន់​តែមាន​ភាពងាយស្រួល និង​មាន​សុ​ក្រិត​ភាព ដោយសារ​យើង​ធ្វើ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​។​

​លោក ប៉ិច ពិសី នាយក​ប្រ​ត្តិ​ប​ត្តិ នៃ​អង្គការ​តម្លាភាព​កម្ពុជា ឲ្យ​ដឹងថា ចាប់តាំងពី​ខែមករា ឆ្នាំ​២០២០ តាមរយៈ​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប (EU) និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយ​អ៊ែត (Sida) ក្រុមការងារ​បច្ចេកទេស​របស់​ស្ថាប័ន​ទាំង​៣​ខាងលើ បាន​សហការគ្នា​ផលិតកម្ម​វិធី​នេះ​ឡើង ដែលមាន​ទាំង​ការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាច្រើនលើក​ជាមួយ​ភាគី​ពាក់ព័ន្ធ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ប្រមូល​ធាតុ​ចូល​ទៅលើ​កម្មវិធី​ទូរស័ព្ទដៃ​នេះ​។ លោក​បន្តថា ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​នេះដែរ គឺជា​ការបោះ​ជំហាន​សំខាន់​មួយទៀត ឆ្ពោះទៅរក​សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា ដោយ​គិត​ត្រឹម​ដើមឆ្នាំ​២០២២​នេះ កំណែ​ចុងក្រោយ​នៃ​កម្មវិធី ត្រូវបាន​ផលិតឡើង និង​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ដោយ​ជោគជ័យ​នៅតាម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​តំបន់​គោលដៅ​នៃ​គម្រោង រួមមាន​៖ អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជា​រដ្ឋ​ថ្នាក់​រាជធានី​/​ខេត្ត​ចំនួន​៣ ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ថ្នាក់ក្រុង​/​ស្រុក​ចំនួន​៨ និង​រដ្ឋបាល​ឃុំ​/​សង្កាត់​ចំនួន​៣០​។ លោក​បន្ថែមថា ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទដៃ “​មតិ​យើង​” គឺជា​ការបោះ​ជំហាន​ដ៏​សំខាន់​មួយទៀត ឆ្ពោះទៅរក​សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ក​ម្បុ​ជា​។ ដោយសារ​អត្រា​ខ្ពស់​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ និង​អ៊ិន​ធឺ​ណេ​ត​នៅ​កម្ពុជា ការផលិត និង​អនុវត្ត​កម្ម​វី​ធី​ទូរស័ព្ទដៃ​នេះ គឺជា​ឱកាស​ដ៏​ល្អប្រសើរ​ជាង​ពេលណាៗ​ទាំងអស់​។​


​លោក Bryan FORNARI ប្រធាន​កិច្ចសហប្រតិបត្តិការ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា បាន​និយាយថា កម្មវិធី​នេះ ស្ថាប័ន​ទាំង​៣ បាននិងកំពុង​ធ្វើការ​រួមគ្នា​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​សាធារណៈ​របស់​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ផ្តល់​សេវា​ថ្នាក់ក្រោម​ជាតិ​នៅតាម​អង្គភាព ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ព្រមទាំង​រដ្ឋបាល​ឃុំ សង្កាត់​ក្នុង​តំបន់​គោលដៅ ទៅលើ​ការផ្តល់​សេវាសាធារណៈ​ដែល​ប្រកបដោយ​គ​ណេ​យ្យ​ភាព និង​ឆ្លើយតប​តាម​តម្រូវការ​យេនឌ័រ​។

​លោក​បន្តថា តាមរយៈ​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​នេះ ក៏​នឹង​ផ្តល់​អាទិភាព​ចំពោះ​ការរៀបចំ​ឲ្យ​មាន​កិច្ចពិភាក្សា​ពហុភាគី​នៅ​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ ដើម្បី​ស្រាយ​កង្វល់ និង​មតិយោបល់ របស់​ប្រជាពលរដ្ឋ​លើ​ការផ្តល់​ការ​សេវាសាធារណៈ និង​សម្រួល​ដល់​ការឆ្លើយតប​គោលនយោបាយ​ទៀតផង​៕​