ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកពិភពលោក ដែលឧបត្ថម្ភដោយភេសជ្ជៈគោជល់ កាលពីថ្ងៃទី២៧ កក្កដា បានធ្វើឲ្យអ្នកទស្សនាអង្គុយកៅអីមិនជាប់ ។
យ៉េន ឌីណា ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម បានបង្ខំឲ្យអ្នកប្រដាល់ ឆ្លងដែនមកពីឥណ្ឌា ត្រូវអាជ្ញាកណ្ដាលបង្ខំចិត្តបញ្ឈប់មិនឲ្យប្រកួតបន្តមុនស្នូរជួងបញ្ចប់ទឹកទី៣ ។
ទោះបីការប្រកួតមានតែ៣ទឹកមែន តែឌីណាមានប្រៀបលើអ្នកប្រដាល់ឥណ្ឌារូបនេះពេញទាំង៣ទឹកតែម្ដង ។ដោយសារតែអ្នកប្រដាល់ឥណ្ឌារូបនេះគ្មានសមត្ថភាពតស៊ូជាមួយឌីណាបានតទៅទៀតទើបអាជ្ញាកណ្ដាលបញ្ឈប់មិនឲ្យប្រកួតបន្តតែម្ដងទៅ ។
ដោយឡែកអ្នកប្រដាល់ឈឿន ល្វៃបានយកឈ្នះពិន្ទុលើអ្នកប្រដាល់ជនជាតិអង់គ្លេសដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះ ។ទោះបីឈឿន ល្វៃឈ្នះគូប្រកួតដោយពិន្ទុក៏ពិតមែនតែការប្រកួត៣ទឹកនេះល្វៃមានប្រៀបខ្លាំងទាំង៣ទឹកតែម្ដង ។
ចំពោះលទ្ធផលប្រកួត៣គូផ្សេងទៀតនោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាឃីម បូរ៉ាបានយកឈ្នះអ្នកប្រដាល់ថៃ ហឺ រីខែន ដោយពិន្ទុដាច់តែម្ដង ។អ្នកប្រដាល់វ័យក្មេង អេ អមរីនភូថងដែលជាកូនប្រុសរបស់អតីតអ្នកប្រដាល់ជើងខ្លាំងអេភូថងនោះបានយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់មហាម៉េដ អេសមេអ៊ីល ដោយពិន្ទុដែរ។ដោយឡែកកីឡាការិនីកម្ពុជា ទូន ស្រីពីន ប្រកួតចាញ់ អ្នកប្រដាល់ប្រេស៊ីល ប្រា បារ៉ា ដោយអាជ្ញាកណ្ដាលបញ្ឈប់មិនឱ្យប្រកួតបន្តមុនស្នូរជួងបញ្ចប់ទឹកទី៣ ។
ជាការកត់សំគាល់ឃើញថាកំពូលព្រឹត្តិការណ៍ប្រដាល់ជើងឯកគុនខ្មែរពិភពលោកនេះលើកទី២នេះអ្នកចូលរួមប្រកួតសុទ្ធតែជាជើងឯក ឬ ជើងខ្លាំងលំដាប់ប្រទេសមកចូលរួម ។កាលប្រកួតលើកទី១មានការចូលរួមពីសំណាក់អ្នកប្រដាល់ជើងខ្លាំងថៃ ប៊ួខាវ បានចាមេឃ ។
សម្រាប់ការប្រកួតលើកទី៣នៃព្រឹត្តិការណ៍ប្រដាល់ជើងឯកគុនខ្មែរពិភពលោកដែលជាជាដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣នឹងធ្វើនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ៕