ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានប្រកាស​គាំទ្រ​ទាំងស្រុង ចំពោះ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មាត្រា ១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា ១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ រដ្ឋធម្មនុញ្ញ និង​មាត្រា ៣​ថ្មី និង​មាត្រា ៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម ដែល​រដ្ឋសភា បានអនុម័ត​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ដោយ​សំឡេង​យល់ព្រម ១០៥ លើ​១០៦​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​។​

គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​យល់ឃើញថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ជាការ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ស្របទៅតាម​គោលការណ៍​របប​សភានិយម​។​

​រដ្ឋ​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដោយ​សំឡេងគាំទ្រ ១០៥​លើ​១០៦​សំឡេង​។ ការអនុម័ត​នេះ បានធ្វើ​ឡើង​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នេះ​។


​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក៏បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ផងដែរ​។​
​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បាន​បញ្ជាក់ជូន​រដ្ឋសភា​ថា “ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នាពេលនេះ គឺ​មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ តាមបែប​របប​សភានិយម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​ប្រព័ន្ធ​របប​សភានិយម មាន​កិច្ចដំណើរការ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​មិនមាន​ការរាំងស្ទះ​ជាពិសេស​ការបំពេញ​បាន​នូវ​ចន្លោះ​ខ្វះខាត នៃ​រដ្ឋធម្មនុញ្ញ​និង​ការធានា​ឲ្យ​ស្ថាប័នរដ្ឋ ពិសេស​អំណាចនីតិប្រតិបត្តិ​ដែលមាន​បេសកកម្ម​ចម្បង​ក្នុង​ការដឹកនាំ​ការងារ​ទូទៅ​របស់​រដ្ឋ​មាន​កិច្ចដំណើរការ​ប្រព្រឹត្តទៅ​ដោយ​រលូន​មិន​ជាប់គាំង​ប្រកបដោយ​និរន្ត​ភាព​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​បំពេញបេសកកម្ម​បម្រើ​ផលប្រយោជន៍​រប​សើ​ជាតិ និង​ប្រជាជន​កម្ពុជា ដូច​អ្វីដែល​រាជរដ្ឋាភិបាល​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងហេតុ​ជូន​មក​រដ្ឋសភា​”៕​