ដោយៈ សុផល / ភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ និងលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ (Khmer Enterprise) និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកវគ្គ បណ្តុះបណ្តាល ស្តីពី “សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការគ្រប់គ្រងសហគមន៍ និងជំនាញចម្អិនម្ហូបអាហារ” សម្រាប់សហគមន៍ទេសចរណ៍ ធម្មជាតិទឹកធ្លាក់ស្រែអំពិល ក្នុងខេត្តកំពង់ឆ្នាំង។
ពិធីបើកវគ្គ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក កែន សុភី អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាសមាជិកលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ និងលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែកក្កដា ឆ្នាំ២០២២។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈ នៃការយោគយល់មួយ ជាមួយសហគ្រិនខ្មែរ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដែលមានលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកសហគ្រិនខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយផ្តោតលើ “ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ ក្នុងសហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩” ដើម្បីជំរុញចលនាទេសចរណ៍ ទៅកាន់តំបន់សហគមន៍ទេសចរណ៍ សំខាន់ៗចំនួន ៥ រួមមាន សហគមន៍អេកូទេសចរណ៍ ទឹកជប់ខ្នារពោធិ៍ និងសហគមន៍ទេសចរណ៍ ចង្ក្រាន្តរយ ក្នុងខេត្តសៀមរាប សហគមន៍ទេសចរណ៍ ទឹកធ្លាក់អូរជាំ ក្នុងខេត្តបាត់ដំបង សហគមន៍ទេសចរណ៍ រាំងខ្វាវ ក្នុងខេត្តពោធិសាត់ និងសហគមន៍ទេសចរណ៍ ស្រែអំពិល ក្នុងខេត្តបាត់ដំបង។
សកម្មភាពសំខាន់ៗ ក្នុងគម្រោងនេះ រួមមាន ការផ្តល់ជូនវគ្គបណ្តុះបណ្តាល លើជំនាញ ចាំបាច់មួយចំនួន ការបណ្តុះគំនិតសហគ្រិនភាព នៅតាមសហគមន៍ ការរៀបចំវីដេអូ ផ្សព្វផ្សាយ អំពីតំបន់សហគមន៍ ការដាក់ស្លាកសញ្ញា ចង្អុលទីតាំងសហគមន៍ និងការសហការជាមួយ វិស័យឯកជន ក្នុងការផ្សព្វផ្សាយ តំបន់ខាងលើ៕/V