​ដោយៈ សុផល / ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​ពិភាក្សា និង​ពិនិត្យ​វឌ្ឍនភាព ការងារ​សិក្សា និង​ជម្រើស ស្តីពី​ការតភ្ជាប់​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភា​រកម្ម ទន្លេបាសាក់ ដោយមាន​ការចូលរួម ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពី​អង្គភាព​ឱវាទ​ក្រសួង​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ជាថ្មី អំពី​សារៈសំខាន់ នៃ​ការអភិវឌ្ឍ​ផ្លូវ​នាវាចរណ៍ ទន្លេបាសាក់ ដើម្បី​ជំរុញ​ការដឹកជញ្ជូន តាមផ្លូវ​ទឹក​នៅ​កម្ពុជា ដែល​អាចជួយ​កាត់បន្ថយ ការចំណាយ​លើ​ការដឹកជញ្ជូន និង​ភស្តុភា​រកម្ម និង​មាន​ប្រសិទ្ធភាព​ជាង​មុន ព្រមទាំង​ងាយស្រួល ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង ក្នុង​វិស័យ​ដឹកជញ្ជូន តាមផ្លូវ​ទឹក​ផងដែរ​។​

​បន្ទាប់ពី​មន្ត្រី​ជំនាញ​របស់ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បានធ្វើ​បទ​បង្ហាញ អំពី​វឌ្ឍនភាព​នៃ ការសិក្សា និង​ជម្រើស ស្តីពី​ការតភ្ជាប់​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភា​រកម្ម ទន្លេបាសាក់ និង​មានការ​ចូលរួម ផ្តល់​មតិយោបល់ ក៏ដូចជា ធាតុ​ចូល​ពី​ថ្នាក់ដឹកនាំ ពាក់ព័ន្ធ​រួចមក លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ក្រុមការងារ ធ្វើការ​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​លម្អិត និង​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត ដើម្បី​ដាក់ជូន​ភាគី ពាក់ព័ន្ធ​ពិនិត្យ​ពិចារណា​៕/V​