ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​សហការី បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍ ២០២២-២០៣០ ដែល​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ​។​

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ជាច្រើនរូប​មកពី​ក្រសួង​-​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ​។​

​បន្ទាប់ពី​ស្តាប់ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​សហការី ធ្វើ​បទ​បង្ហាញ​អំពី​សាវតា និង​សេចក្ដី​សង្ខេប ស្ដីពី​សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍​២០២២-២០៣០ ជូន​អង្គប្រជុំ​រួចមក លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់ លោក​រដ្ឋមន្ត្រី និង​មន្ត្រី​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បានរៀបចំ​សេចក្តីព្រាង​គោលនយោបាយ​នេះ​ឡើង ប្រកបដោយ​អត្ថប្រយោជន៍ និង​មាន​លក្ខណៈ​ចាំបាច់​សម្រាប់​ប្រើប្រាស់​ទាំង​ពេល​ច​ប្ចុ​ប្បន្ន ទៅ​ថ្ងៃ​អនាគត ដោយ​គោលនយោបាយ​នេះ បាន​គ្របដណ្តប់​លើ​បញ្ហា​ចំពោះមុខ ព្រមទាំង​មានការ​រៀបចំ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព យន្តការ និង​អមដោយ​សូចនាករ​សំខាន់ៗ សម្រាប់​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បន្តថា ដើម្បី​ចូលរួម​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេចក្តីព្រាង​គោលនយោបាយ​នេះ​ឱ្យ​កាន់តែ​ច្បាស់លាស់ បន្ថែមទៀត ក្រសួងពាណិជ្ជកម្ម ស្នើឱ្យ​អង្គប្រជុំ​ពិនិត្យ និង​ពិចារណា លើ​ចំណុច​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ដែល​ត្រូវបាន​ព្រះមហាក្សត្រ ទ្រង់​ឡាយព្រះហស្តលេខា ប្រកាស​ឱ្យប្រើ​ប្រាស់​កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ​។ ចំណុច​ទាំងនោះ រួមមាន​៖ ស្នើឱ្យ​ដាក់ចូល​នូវ​ពាក្យពេចន៍ យន្តការ និង​ការដោះស្រាយ​វិវាទ​ការពារ​អ្នកប្រើប្រាស់ ឱ្យស្រប​ទៅតាម​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ក៏ដូចជា​ស្ថាប័ន​ដែល​បាន​បង្កើត​រួចហើយ ក្នុង​ចំណុច​៦.២ និង​ឧបសម្ព័ន្ធ​១ នៃ​សេចក្ដីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍ ព្រមទាំង​ស្នើឱ្យ​មានការ​បរិយាយ​ល​ម្អិ​ត​នូវ​ផែនការ​សកម្មភាព​នៅក្នុង​ចំណុច​ទី​៤ ទី​៤.៣ ទី​៤.៤ និង​ទី​៤.៥ ដើម្បី​ងាយស្រួល​យក​ផែនការ​នេះ​ទៅ​អនុវត្ត ដោយ​ឆ្លើយតប​ទៅនឹង​ផែនការ​ដែល​ត្រូវ​ជំរុញ​ឱ្យ​ក្រុមហ៊ុន អាជីវកម្ម​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី និង​ប្រព័ន្ធ​ឌីជីថល​ដែល​ឯករាជ្យ (Neutral Technology) មាន​ប្រសិទ្ធភាព និង​ភាព​អាច​ជឿ​ទុកចិត្តបាន សម្រាប់​កិច្ចការ​តាមដាន​មធ្យោបាយ​ដឹកជញ្ជូន និង​ស្ថានភាព ជាក់ស្តែង​នៃ​ទំនិញ​ការគ្រប់គ្រង​វិក័យប័ត្រ និង​លិខិត​ប្រកាស​ពន្ធគយ​ក្នុង​ទម្រង់​ជា​អេឡិចត្រូនិក ព្រមទាំង​ប្រព័ន្ធ​ទំនាក់ទំនង​រវាង ម្ចាស់​អាជីវកម្ម​ជាមួយ​អតិថិជន ទាំង​សម្រាប់​ការបញ្ជូន​ទំនិញ​ក្នុងប្រទេស និង​ឆ្លងកាត់​ព្រំដែន​។​

​លោក​រដ្ឋមន្ត្រី​បន្ថែមថា ទាក់ទង​នឹង​ការកសាង​លិខិតបទដ្ឋាន​ច្បាប់ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស ក្រសួងពាណិជ្ជកម្ម ស្នើឱ្យ​គិតគូរ​ផងដែរ នូវ​ករណី​លើកលែង ដែល​អនុញ្ញាត​ដោយ​ច្បាប់ និង​កិច្ចព្រមព្រៀង​អន្តរជាតិ ទាក់ទង​នឹង​ការទទួលខុសត្រូវ​រប​ស់​ម្ចាស់ អាជីវកម្ម​ក្នុងការ​បញ្ជូន​ទំនិញ​ដែល​ទាក់ទង​នឹង​ស្តង់ដារ​ទំនិញ បទដ្ឋាន​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព និង​សុខភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម សិទ្ធិ​ស្របច្បាប់​នៃ​ពលរដ្ឋ​ដែលជា​អតិថិជន (Lawful right and prudential rights of our people) និង​ផលប្រយោជន៍​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​។

​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា បន្ទាប់ពី​អង្គប្រជុំ​បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ផុលផុស​លើ​ចំណុច​នីមួយៗ នៃ​សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍ ២០២២-២០៣០ ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ដោយ លោក ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ​រួចមក លោក​ប្រធាន​អង្គ​ប្រជុំបាន​សម្ដែង​នូវ​ការកើត​សរសើ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា​នៃ​អង្គប្រជុំ​ទាំងមូល ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ពិនិត្យ និង​ពិភាក្សា សំដៅ​ឱ្យ​សេចក្តីព្រាង​គោលនយោបាយ​ដ៏​មាន​សារសំខាន់​នេះ កាន់តែ​មាន​សុ​ក្រិត​ភាព និង​ល្អប្រសើរ ជាពិសេស​ក្រុមការងារ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការរៀបចំ​សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍ ២០២២-២០៣០ ដែលជា​ឯកសារ​គតិ​យុទ្ធ​ដ៏​មាន​សក្ដានុពល​មួយ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍ នាពេល​អនាគត​៕​