ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែកក្កដា បានបើកវគ្គបណ្តុះបណ្តាល ស្ដីពីចំណេះដឹង ដែលអ្នកបើកបរ ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីសិក្ខាកាម ចំនួនប្រមាណ ១០០ នាក់ និងមានការបង្ហាត់បង្ហាញដោយផ្ទាល់ ពីមន្ត្រីជំនាញនៃ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើង ក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹង ពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ក្រុមអ្នកដឹកជញ្ជូន ដែលផ្តល់សេវាដឹកជញ្ជូនចំណីអាហារ តាមរយៈម៉ូតូ ក្នុងគោលដៅលុបបំបាត់ ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ និងរក្សាសុវត្ថិភាព ក្នុងពេលបើកបរ។
ការបណ្តុះបណ្តាលនេះ បានធ្វើបទបង្ហាញសំខាន់ៗមួយចំនួន ដូចជា៖ (១) មាត្រាសំខាន់ៗ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (២)សញ្ញាចរាចរណ៍ផ្លូវគោក (៣) សិទ្ធិអាទិភាពនៅ ផ្លូវប្រសព្វ (៤)ការត្រួតពិនិត្យយានជំនិះ និងការផ្ទុកទំនិញ និង(៥)បច្ចេកទេស និងសុវត្ថិភាព ក្នុងការបើកបរ។
ថ្លែងទៅកាន់អ្នកចូលរួម លោក សុខុម វីរផល អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក បានលើកឡើងថាៈ យោងតាមអង្គការ UNDP និងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងមួយថ្ងៃ គិតជាមធ្យម មានមនុស្ស ៥ នាក់ បានស្លាប់ និងរងរបួស ១០ នាក់ ហើយគ្រោះថ្នាក់នេះ បានធ្វើឱ្យកម្ពុជា ខាតបង់ផលិតផល ក្នុងស្រុកសរុប (GDP) ប្រមាណ ២,៥% ទៅ ៣% ក្នុងមួយឆ្នាំ។ ចំណែកឯការកកស្ទះ ចរាចណ៍វិញ ធ្វើឱ្យខាតបង់ប្រាក់ប្រមាណ ៧២ លានដុល្លារ ក្នុងមួយឆ្នាំ៕/V