ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន សាម​សុង ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី បាន​អះអាងថា ក្រុមហ៊ុន នឹងដាក់​ឲ្យ​ដំណើរការ​កម្មវិធី Samsung Innovative Campus នៅក្នុង បរិវេណ​សាកលវិទ្យាល័យ​សាលា​ភូមិន្ទ ភ្នំពេញ ។

​លោក សាង​ហូ ចូ ( Sangho JO) អគ្គនាយក​ក្រុមហ៊ុន សាម​សុង ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី បាន​អះអាង​បែបនេះ​នៅក្នុង​ជំនួប​ជាមួយនឹង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ ។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​អគ្គនាយក បាន ស្នើសុំ​អញ្ជើញ លោក​រដ្ឋមន្ត្រី ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ Samsung Innovative Campus នាពេលខាងមុខ និង​បាន ស្នើសុំ លោ​កង​នាម​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ និង​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​គាំទ្រ​ដល់​បេក្ខភាព​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ពិព័រណ៍​ពិភពលោក ឆ្នាំ​២០៣០ ខាងមុខ ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ប្រតិភូ​ក្រុមហ៊ុន សាម​សុង ថៃឡង់​ដ៍ ដែល​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ជម្រាបជូន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការជួយ​សម្រួល​ដល់​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា រួមមាន​៖ ការកសាង​លិខិតបទដ្ឋាន​គតិ​យុទ្ធ និង​ការពង្រីក​ទីផ្សារ​បន្ថែម​តាមរយៈ​កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀងទ្វេភាគី និង​តំបន់ ដែលមាន​ជាអាទិ៍ កិច្ចព្រមព្រៀង​ពាណិជ្ជ​ម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជ​ម្ម​សេរី​ទ្វេភាគី កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូរ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ជាដើម​។​

​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច អគ្គមហាសេនា ប​តី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការស្ដា​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​

​ជាការ​ឆ្លើយតប លោក សាង​ហូ ចូ បានបង្ហាញ​នូវ​ក្តីរំភើប និង​ចំណាប់អារម្មណ៍​ចំពោះ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា និង​បាន​ជម្រាប លោក​រដ្ឋមន្ត្រី ពី​ប្រវត្តិ​សង្ខេប និង​សកម្មភាព​ធុរកិច្ច របស់​ក្រុមហ៊ុន Samsung កម្ពុជា ថា ក្រុមហ៊ុន​នេះ គឺជា​សាខា​របស់​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិ​ក​ត្រូ​និក (Branch of Thai Samsung Electronics of Cambodia) បាន​ចុះបញ្ជី​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ដើម្បី ផ្សព្វផ្សាយ ស្លាក យីហោ Samsung និង​ផលិតផល​របស់​ក្រុមហ៊ុន នៅ​ទីផ្សារ​កម្ពុជា​។ ក្រុមហ៊ុន បានចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១២ និង​ផ្តល់​ការងារ​ដល់​និ​យោ​ជិ​ក​ជា​ជនជាតិខ្មែរ ជាច្រើន​ផងដែរ​។​

​លោក​អគ្គនាយក បន្តថា ក្រុមហ៊ុន​សាម​សុង​អេ​ឡិ​ក​ត្រូ​និក ក៏បាន​ចូលរួម​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ជាតិ ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ផលិតផល តាមរយៈ​ការចូលរួម ព្រឹត្តិការណ៍​ពិព័រណ៍​នានា និង​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន ដូចជា​៖ ការគាំទ្រ​ដល់​ការសិក្សា​របស់​កុមារ​ក្រីក្រ កសាង​បណ្ណាល័យ​តាម​សាលារៀន ផ្តល់នូវ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​រយៈពេល​វែង​ដល់​សាលារៀន​នៅតាម​ជនបទ គាំទ្រ​ដល់​កីឡា​កា​រ៉ា​តេ​ដូ និង​សកម្មភាព​សិល្បៈ​របស់​និស្សិត​ក្រីក្រ​កម្ពុជា ផងដែរ​។​

​នៅ​កិច្ចបញ្ចប់ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​រួចរាល់​របស់​ភាគី​កម្ពុជា ក្នុងការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​បាន​ស្នើសុំ​ភាគី​កូរ៉េ តាមរយៈ​ក្រុមហ៊ុន សាម​សុង ជួយ​ព​ន្លឿ​ន​ការស្នើសុំ​រដ្ឋសភា​ធ្វើ​សច្ចាប័ន​ដើម្បី​ឱ្យបាន​ឆាប់​ដើម្បី​ផលប្រយោជន៍​រួម​។ បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី បានបង្ហាញ​ពី​ជំហរ​របស់​កម្ពុជា​ក្នុងការ​គាំទ្រ​បេក្ខភាព​ទីក្រុង​ង​ប៊ូសាន ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០៣០ នាពេលខាងមុខ​៕​