ដោយ:បញ្ញាសាស្ត្រ/កំពង់ធំ៖ លោក ស៊ុំ សន្និសិទ្ធ បានលើកឡើងថា ជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំនាវាកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។

ការលើកឡើងដូចនេះរបស់ លោកំ ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិ
ការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុក នៅឱកាសដែលលោកអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្ស មកពី ឃុំចំនួន ៤ គឺឃុំ តាំង ក្រសាំង ឃុំព្នៅ ឃុំប្រាសាទ និងឃុំជ្រាប់របស់ ស្រុកសន្ទុកនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ដែរលោក ស៊ុំ សន្និសិទ្ធិ បានលើកយក ខ្លឹមសារសំខាន់ៗ និងបានបញ្ជាក់លម្អិតបន្ថែមអំពីខ្លឹមសារនៃ លទ្ធផលសន្និបាត និងចំណុចសំខាន់ៗមួយចំនួនទៀត ដែលជាទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខជូនដល់ក្រុមការងារបានយល់កាន់តែច្បាស់ទៀតផង។

លោកបានចាត់ទុកការ គាំទ្រ និងជឿជាក់របស់ប្រជាជនកម្ពុជាមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងគណបក្ស ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សអាចវាយតម្លៃបានថាប្រជាពលរដ្ឋយើងបានប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ មិនចាញ់បោកការឃោសនាភូតកុហករបស់ជនអគិតមួយចំនួន ទោះបីជាក្រុមទាំងនោះប្រឹងប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងឃោសនាពិសពុលយ៉ាងណាក៏ដោយ។

លោកបានបញ្ជាក់បន្ថែមទៀតថា កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះធំធេងដូចនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកយ៉ាងសកម្មនិងការលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្សបានដែរ ទើបយើងទទួលបានលទ្ធផលដ៏គាប់ប្រសើរបែបនេះ។

ក្នុងកិច្ចប្រជុំនោះដែរសមាជិកសមាជិកាយើងនូវបានតាមដានស្ដាប់ដោយយកចិត្តទុកដាក់អំពីខ្លឹមសារនៃសេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃសន្និបាតគណៈ កម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងរបាយការណ៍ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ ផងដែរ៕សរន