​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​កងកម្លាំង​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​វាយប្រហារ​ដោយ​កាំជ្រួច​លើ​តំបន់​ទីក្រុង​គៀវ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ​និង​ក៏​បាន​វាយប្រហារ​លើ​តំបន់​​ឆែរ​នី​ហ៊ី​វ​(Chernihiv)​ភាគ​ខាងជើង​អ៊ុយ​ក្រែន​ផងដែរ ។​

​មន្ត្រី​អ៊ុយ​ក្រែ​នក្នុងពេល​ជាមួយគ្នា បានប្រកាស​ការ​វាយបក​មួយ​លើ​តំបន់​ឃឺ​សុន​( Kherson)​នៅ​ភាគខាងត្បូង​ប្រទេស ជា​ទឹកដី​ដែល​កងកម្លាំង​រុស្ស៊ី​វាយ​ចាប់​យក​ទៅ​គ្រប់គ្រង​ចាប់តាំងពី​ដើម​នៃ​​សង្គ្រាម​។​

​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែន​ម្នាក់​បាន​និយាយថា រុស្ស៊ី​បាន​វាយប្រហារ​តំបន់​ទីក្រុង​គៀវ​ជាមួយនឹង​កាំជ្រួច​ប្រាំមួយ​គ្រាប់​ចេញពី​សមុទ្រ​ខ្មៅ ដោយ​ត្រូវ​ចំ​កងឯកភាព​ទ័ព​មួយ​នៅក្នុង​ភូមិ លី​អ៊ូ​ទី​ហ្ស៍​(Liutizh)​នៅ​ជាយក្រុង​គៀវ ។​ការវាយប្រហារ​នេះ​បាន​បំផ្លាញ​អាគារ​ចំនួន​បី និង​ថា​កងកម្លាំង​អ៊ុយ​ក្រែន​បាន​បាញ់ទម្លាក់​កាំជ្រួច​រុស្ស៊ី​មួ​យ​ដើម​នៅ​ទីប្រជុំជន​ប៊ូ​ឆា​។​

​អូ​ឡេក​ស៊ីយ គូ​ឡេ​បា អភិបាល​តំបន់​គៀវ បាន​និយាយថា មនុស្ស​១៥​នាក់​បាន​រងរបួស​ក្នុង​ការវាយប្រហារ​របស់​រុស្ស៊ី​។​

​អ្នកនេសាទ​មើល​ផ្សែងហុយ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​លើ​កង​ឯកភាព​ទ័ព​អ៊ុយ​ក្រែន​មួយ​នៅ​ជាយក្រុង​គៀ​វ

​អភិបាល​តំបន់​ឆែរ​នី​ហ៊ី​វ បាន​រាយការណ៍​ថា រុស្ស៊ី​ក៏​បាញ់​កាំជ្រួច​ចេញ​ពី​ទឹកដី​បេឡា​រូស ចូល​ភូមិ​មួយ​។​

​សូមបញ្ជាក់​ថា កងកម្លាំង​រុស្ស៊ី​បាន​ដកចេញ​ពី​តំបន់​គៀវ​និង​ឆែរ​នី​ហ៊ី​វ កាលពី​ប៉ុន្មាន​ខែ​មុន​ក្រោយ​មិន​អាច​វាយ​ចូល​កាន់កាប់​បាន​។​ការវាយប្រហារ​ថ្មី​នេះ​កើតឡើង​តែ​មួយ​ថ្ងៃក្រោយ​មេដឹកនាំ​ក្រុម​​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ខាងកើត​អ៊ុ​យក្រែន ទទូច​សុំ​អោយ​កងកម្លាំង​រុស្ស៊ី​«​រំដោះ​បណ្តា​ទីក្រុង​រុស្ស៊ី​ដែល​បង្កើតឡើង​ដោយ​ប្រជាជន​រុស្ស៊ី រួម​មាន​គៀវ ឆែរ​នី​ហ៊ី​វ ប៉ូល​តា​វ៉ា អូ​ដេសា ដ្នី​ប្រូ​ប៉េ​ត្រូវសខ៍​​ហ្សា​ប៉ូរីស​យ៉ានិ​ង លុត​ស​ខ៍​»​។​

​នៅ​កន្លែង​ផ្សេងទៀត មនុស្ស​ប្រាំ​នាក់​បាន​ស្លាប់​និង​២៥​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​ដោយ​រុស្ស៊ី​លើ​ទី​ក្រុងក្រូប​វីនីត​ស្គី ចម្ងាយ​ប្រមាណ​២៥០​គីឡូ​ម៉ែតរ​ពី​ទីក្រុង​គៀវ​។​

​ទីក្រុង​មី​កូឡាយ​(Mykolaiv)​ក៏​រង​ការបាញ់​ពី​កាំជ្រួច​របស់​រុស្ស៊ី ដោយ​បណ្តាលអោយ​របួស​មនុស្ស​ម្នាក់​៕