​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កក្កដា​ថា យ៉ាងហោច​ណាស់​មនុស្ស​ចំនួន ៤២ នាក់​បាន​ស្លាប់ និង​ជិត ១០០​នាក់​ផ្សេង​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​​មន្ទីរពេទ្យ​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា បន្ទាប់ពី​ផឹកស្រា​ពុល ខណៈ​អាជ្ញាធរ​បញ្ជា​ឱ្យ​បង្ក្រាប​អ្នក​ផលិត​ស្រា​ខុសច្បាប់​។​

​មនុស្ស​រាប់​សិប​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​កាលពីដើម​សប្តាហ៍​នេះ បន្ទាប់​ពី​ផឹក​មេ​តា​ណុល ជា​ទម្រង់​នៃ​ជាតិ​អាល់កុល​ពុល​ដែល​ជួនកាល​ត្រូវ​បាន​ប្រើ​ប្រឆាំង​ភាព​ត្រជាក់​ដែល​លក់​នៅក្នុង​ភូមិ​ជា​ច្រើន​​នៅ​ទូ​ទាំង​រដ្ឋ​ហ្គូ​ចា​រ៉ាត់ (Gujarat) ។​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​លោក អា​សុក យ៉ា​ដាវ (Ashok Yadav) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​មនុស្ស ៣១ នាក់​បាន​ស្លាប់​ចាប់តាំងពី​ពេលនោះ​មក​នៅក្នុង​ស្រុក​បូ​ថា​ដ (Botad)​។​

​លោក វី ចាន់ដ្រា​សេកា (V Chandrasekar) ជា​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​ទៀត​បាន​ប្រាប់ AFP​ថា មនុស្ស ១១ នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅក្នុង​ស្រុក​អា​មេ​ដា​បាដ (Ahmedabad) នៅក្បែរនោះ​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​របស់​រដ្ឋ លោក ហាស សាង​ហា​វី (Harsh Sanghavi) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ការស៊ើបអង្កេត​បាន​បង្ហាញ​ថា​ជនរងគ្រោះ​បាន​ផឹក​មេ​តា​ណុល​កម្រិត​ឧស្សា​​ហ​កម្ម​ដែល​បណ្តាលឱ្យ​ស្លាប់​”​។​

​លោក​សាង​ហា​វី​បាន​និយាយថា មនុស្ស ៩៧ នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ដោយ​ពីរ​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​រដ្ឋ​ហ្គូ​ចា​រ៉ាត់ ដែល​ជា​រដ្ឋ​កំណើត​របស់​នាយក​រដ្ឋមន្ត្រី​ណារិ​នដ្រា ម៉ូ​ឌី គឺជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ជាច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ការប្រើប្រាស់​និង​ការលក់​ស្រា​គឺជា​អំពើ​ខុសច្បាប់​។​

​មេ​ប៉ូលិស​រដ្ឋ លោក អាស៊ី​ស បា​ធៀ (Ashish Bhatia) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​បាន​បង្ក្រាប​ហាង​ស្រា​ខុសច្បាប់​នៅ​ទូ​ទាំង​រដ្ឋ ហើយ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​។​

​សូមបញ្ជាក់​ថា មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ក្នុង​ប្រទេស​ឥណ្ឌា ដោយសារ​គ្រឿង​ស្រវឹង​ថោកៗ​ដែល​ផលិត​នៅក្នុង​ហាង​លួចលាក់​៕

​មនុស្ស ៩៧ នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ដោយ​ផឹកស្រា​ពុល